(Khmer) សមាគមបាល់ទាត់ថៃ ដាក់ពាក្យបណ្តឹងទៅកាន់អជ្ញាធរជាតិ ឲ្យចាត់ការលើបក្សពួក ដែលបង្កភាពអនាធិបតេយ្យ ក្នុងការប្រកួតពានរង្វាន់ AFC U17 ASIAN CUP THAILAND 2023 រវាងក្រុម U17 ថៃ និងក្រុម U17 កូរ៉េខាងត្បូង នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2023 នៅកីឡដ្ឋាន Pathum Thani ។
ក្នុងពាក្យបណ្តឹងនោះ សមាគមក៏បានផ្តល់រូបថតមួយសន្លឹក ដែលបង្ហាញពីសកម្មភាព និងទិដ្ឋភាពនៃហេតុការណ៍ដល់មន្ត្រីស៊ើបអង្កេត ព្រមទាំងសាក្សីនឹងត្រូវចូលខ្លួនមកសាកសួរបំភ្លឺបន្ថែម។
លើសពីនេះ អជ្ញាធរ ខេត្ត Pathum Thani ក៏បានសួរនាំអំពីការដុតភ្លើង ក្នុងការប្រកួតពានរង្វាន់ AFF MITSUBISHI ELECTRIC CUP 2022 រវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិហ្វីលីពីន នៅថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2022 និងថ្ងៃទី 10 ខែមករា ឆ្នាំ 2023 រវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅកីឡដ្ឋាន Thammasat។
សរុបរបាយការណ៍ពីការស៊ើបអង្កេត និងសាកសួរ អជ្ញាធរថៃបានរកឃើញថាមានក្រុមអ្នកគាំទ្រ ភេទប្រុស ចំនួន២៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើមិនគប្បីក្នុងកីឡដ្ឋាន ហើយមានមេក្រុមអាយុ ៤០ ឆ្នាំ ជាអ្នកដឹកនាំក្រុមអ្នកគាំទ្រនោះ។
បុគ្គលខាងលើក៏ធ្លាប់ត្រូវបានជាប់ពាក់ព័ន្ធការបាញ់កាំជ្រួច និងដុតភ្លើង នៅពហុកីឡដ្ឋានជាតិ Rajamangala ផងដែរ កាលពីថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2016 ខណៈដែលសមាជិកមចំនួន 23 នាក់ផ្សេងទៀត ត្រូវបានកំណត់មុខសញ្ញា និងទីលំនៅរបស់ពួកគេរួចរាល់ហើយ។