ads
ads
(Khmer) Luton Town រើខ្លួនពី ‘Non-League’ ឡើងមកខ្ពស់ដល់ English Premier League ឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ?
29-May-2023

(Khmer) Luton Town បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយតាម​រយៈ​ការ​ប្រកួត​ជម្រុះ​ក្នុង​ក្រប​ខ័ណ្ឌ English Premier League ជា​លើក​ដំបូង ​បន្ទាប់​ពី​បាន​យក​ឈ្នះ​លើក្រុម Coventry City ក្នុង​ការ​ប្រកួត​វគ្គ Playoff ​ផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Championship នៅ​កីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍។

Luton បានបើកការស៊ុតបញ្ចូលទីមុនគេតាមរយៈ Jordan Clark នៅនាទីទី 23 មុនពេល Coventry តាមស្មើតាមរយៈការ​ស៊ុតរបស់ Gustavo Hamer នៅនាទីទី 66 ។ ការ​ប្រកួត​ត្រូវ​អូស​បន្លាយដល់ការទាត់​ប៉េណាល់ទី​បន្ទាប់​ពី​ត្រូវ​បាន​ស្មើ 1-1 រហូត​ដល់​ម៉ោង​បន្ថែម១៥នាទី២ដង។

ទោះជាយ៉ាងណាក៏ដោយ កីឡាករ Fankaty Dabo របស់ Coventry ទាត់​បាល់ប៉េណាល់ទីចុងក្រោយ​មិនចូល ហើយជ័យជម្នះបានមកលើ Luton Town ។

Luton Town នឹងចូលរួមជាមួយក្រុម Sheffield United និង Burnley ក្នុងក្របខ័ណ្ឌ English Premier League នៅរដូវកាលក្រោយ។ ពួកគេពិតជាបានលេងនៅក្នុងលីគកំពូលអង់គ្លេសក្នុងរដូវកាល 1991 ដល់ 1992 មុនពេលប្ដូរឈ្មោះមកជា English Premier League (EPL)។

ដំណើរ​របស់​ក្លឹប​នេះ​ទៅ​ក្រប​ខ័ណ្ឌ English Premier League មិន​ងាយ​ស្រួល​ទេ ហើយ​ពោរពេញ​ទៅ​ដោយ​បញ្ហា​ប្រឈម និង​ហួសពីការ​ស្មាន។ ពួក​គេ​ជា​ក្រុម​ដែល​លេងនៅលីគក្រៅប្រព័ន្ធរបស់​បាល់ទាត់អង់គ្លេស ឬអាចនិយាយបាន​ថា លីគពាក់កណ្ដាលអាជីពក្នុង​រដូវ​កាល 2009 ដល់ 2014 ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ពួក​គេបាន​ចាប់​ផ្តើម​ឡើង​បន្តិចម្ដងៗ។

ធ្លាប់​ជួប​ប្រទះ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ដែល​ធ្វើ​ឲ្យ​ក្លឹប​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់​ជាប់​គាំង​នៅ​លីគ​ទាបបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនបានរារាំងពួកគេពីការផ្លាស់ប្តូរផ្សេងៗ ដើម្បីសម្រេចបាននូវមហិច្ឆតានៃការលេងនៅលីគកំពូលអង់គ្លេសនោះទេ។ នាយកប្រតិបត្តិ Luton Town លោក Gary Sweet បាននិយាយថា ៖«ការចំណាយពេល 5 ឆ្នាំនៅក្នុង Non-League បានផ្តល់ឱ្យយើងនូវមេរៀនដ៏មានតម្លៃនៅក្នុងដំណើរការនៃការអភិវឌ្ឍមូលដ្ឋានគ្រឹះ និងស្ថេរភាពដែលបន្តផ្តល់ផលប្រយោជន៍ដល់ក្លឹបរហូតមកដល់សព្វថ្ងៃនេះ»។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ Luton Town នឹងស្ថិតក្នុងការចាប់អារម្មណ៍នៅរដូវកាលក្រោយ ដោយសារតែក្លឹបយក្សមួយចំនួនដូចជា Manchester United, City, Liverpool និង Arsenal នឹងមានឱកាសទទួលបានបទពិសោធន៍លេងនៅកីឡដ្ឋាន Kenilworth Road។

កីឡដ្ឋានដ៏ពិសេសនេះហ៊ុំព័ទ្ធដោយតំបន់លំនៅដ្ឋានប្រជាពលរដ្ឋ ហើយមានសមត្ថភាពផ្ទុកត្រឹមតែ 10,356 កៅអីប៉ុណ្ណោះ។ វាជាកីឡដ្ឋានតូចបំផុតរបស់ English Premier League ដែលមានទីតាំងនៅខាងក្រោយផ្ទះ និងនៅក្រោមបន្ទប់គេង។

ទោះជាយ៉ាងណាក៏ដោយ កីឡដ្ឋាននឹងត្រូវបានកែលម្អដើម្បីបំពេញតាមស្តង់ដារ Premier League របស់អង់គ្លេស ដូចជា កន្លែងឈររបស់សន្តិសុខ កន្លែងប្រព័ន្ធផ្សព្វផ្សាយ បន្ថែមអំពូលភ្លើង គុណភាព CCTV ជាដើម។

ការឈ្នះរង្វាន់ដែលមានតម្លៃចន្លោះពី 135 លានផោនដល់ 265 លានផោនពីការផ្សព្វផ្សាយអាចជួយក្រុមចំណាយសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវកីឡដ្ឋានដែលមានតម្លៃ 10 លានផោន។ ដំណើរការធ្វើឱ្យប្រសើរឡើងនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2026 ហើយវានៅតែបន្តដោយមិនគិតពីទីតាំងរបស់កីឡដ្ឋានក្នុងរយៈពេល 4 ឆ្នាំ។

ads
ads