(Khmer) វៀតណាមសរសេរថា កម្ពុជាពិតជាល្អ ប៉ុន្តែឥណ្ឌូណេស៊ីខ្លាំងពេក ពេលនេះវៀតណាមជាអ្នកទទួលរងថ្មបាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ជម្រើសជាតិបាល់ទះវៀតណាមដាក់គោលដៅឡើងវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម ដោយចង់ជៀសឥណ្ឌូណេស៊ីក្នុងវគ្គ៤ក្រុមចុងក្រោយ តែគោលបំណងរបស់ពួកគេរលាយដូចអំបិលត្រូវទឹក បន្ទាប់ពីកម្ពុជាបរាជ័យក្រោមថ្វីដៃដ៏ខ្លាំងរបស់ឥណ្ឌូនេស៊ី។
ក្រោយឃើញកម្ពុជាបង្ហាញថ្វីដៃល្អបំផុតក្នុង២ប្រកួតដំបូង( ឈ្នះសិង្ហបុរីនិង ហ្វីលីពីន ៣-០សិត) វៀតណាមបានគិតថា កម្ពុជានឹងអាចតទល់ជាមួយឥណ្ឌូនេស៊ីហើយឈ្នះឡើងឈរកំពូលតារាងពូល A ប៉ុន្តែកម្រិតនៃក្រុមការពារតំណែងជើងឯកត្រូវបានបង្ហាញយ៉ាងច្បាស់។ កីឡាករដូចជា Rivan, Doni និងមិត្តរួមក្រុមជាមួយនឹងការលេងដ៏លឿន ខ្លាំង របស់ពួកគេ ដែលធ្វើឱ្យម្ចាស់ផ្ទះកម្ពុជាភ្ញាក់ផ្អើលជាមួយនឹងបរាជ័យ៣ទល់០ដូចគ្នា។
«ការផ្ទួលកម្ពុជាដ៏ងាយត្រឹមតែ៣សិតប៉ុណ្ណោះ ឥណ្ឌូណេស៊ីផ្ញើសារគម្រាមមួយទៅកាន់វៀតណាមបាត់ទៅហើយ។ នេះប្រាកដណាស់ថានឹងក្លាយជាការលំបាកដ៏ធំមួយសម្រាប់វៀតណាមនៅពេលដែលជួបក្រុមឥណ្ឌូនេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។
ក្រោយបញ្ចប់ការប្រកួតជម្រុះក្នុងពូលទាំងពីរ ពូល មានក្រុមលេខ១ ឥណ្ឌូណេស៊ី និងលេខ២ ម្ចាស់ផ្ទះកម្ពុជា ចំណែកពូល B វិញ មាន ថៃនិងវៀតណាម។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រកួតខ្វែង ដោយ លេខមួយពូល A ឥណ្ឌូណេស៊ី ត្រូវប៉ះលេខ២ពូល B វៀតណាម ហើយលេខ ២ពូល A កម្ពុជាត្រូវជួបក្រុមលេខ១ពូល B ថៃ ដើម្បីរកក្រុម២ឡើងទៅវគ្គផដាច់ព្រ័ត្រដណ្ដើមមេដាយមាស។ ក្រុមដែលចាញ់ក្នុងវគ្គ៤ក្រុមចុងក្រោយនេះត្រូវលេងដណ្ដើមមេដាយសំរឹទ្ធ។ តាមកាលវិភាគការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងត្រូវលេងនៅថ្ងៃទី០៧ ខែឧសភានេះតែម្ដង៕