(Khmer) ក្រុមអត្តពលិកកីឡាជឺជិតស៊ូកម្ពុជា ទទួលបានមេដាយ៣សម្រាប់ការប្រកួត៣ វិញ្ញសាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា នាថ្ងៃទី៤ ខែឧសភា នេះ។
មេដាយមាសដំបូងរបស់កម្ពុជាក្នុងការប្រកួតថ្ងៃនេះ ក៏ព្រឹត្តិការណ៍ស៊ីហ្គេមនេះ បានទៅលើក្រុមកីឡាករជឺជិតស៊ូបុរសជាគូ គឺ គង់ ម៉ូណាមីថុរ៉ា និង ទូច ពីរកក្កដា ដែលបានយកឈ្នះក្រុមថៃ នាជំនួបផ្តាច់ព្រ័ត្រ។
កីឡាការិនីកម្ពុជា ហេង ស៊ីវហៀង និង ទឹន សុវណ្ណលីណា ឈ្នះមេដាយប្រាក់ទីមួយសម្រាប់ក្រុមកីឡាករជឺជិតស៊ូវិញ្ញាសារសម្ដែងជាគូនារី ហើយមេដាយប្រាក់ទី២បានទៅលើវិញ្ញសាផ្នែកប្រយុទ្ធ របស់កីឡាការិនី ខាន់ ចេសា ទម្ងន់ ៥២ kg ។ នាការប្រកួតជម្រុះ ខាន់ ចេសា ដែលធ្លាប់មានប្រវត្តិបានមេដាយមាសអាស៊ី និងស៊ីហ្គេម បានយកឈ្នះកីឡាការិនីសិង្ហបុរី May Yong The, កីឡាការិនីវៀតណាម Thi Huyen Dang និងកីឡាការិនីថៃ Nuchanat Singchalad ក្នុងលទ្ធផល ៥០-០ ដូចគ្នា ពោលគឺគូប្រជែងទាំងបី សុទ្ធតែសុំចុះចាញ់។
តែយ៉ាងណា! កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានចាញ់កីឡាការិនីហ្វីលីពីន Kaila Isip Napolis នាការប្រកួតវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម បានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។