(Khmer) សមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ី (FAM) ថ្ងៃនេះបានប្រកាសបញ្ជីឈ្មោះកីឡាករអាយុក្រោម ២២ ឆ្នាំ (U-22) ចំនួន២៦នាក់ក្រោមការដឹកនាំដោយលោក E. Elavarasan ដើម្បីចូលរួមជំរុំហ្វឹកហាត់ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ដើម្បីប្រឈមមុខជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុង ការប្រកួត Merlion Cup 2023 ប្រទេសសិង្ហបុរី។
ក្រុមជម្រើសជាតិ U-22 នឹងទទួលការហ្វឹកហាត់ប្រចាំថ្ងៃនៅទីលាន Padang Wisma FAM, Kelana Jaya មុនពេលចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍ទី 23 ខែមីនា ឆ្នាំ 2023។
ក្រុមនេះក៏ត្រូវបានពង្រឹងដោយកីឡាករ 4 នាក់ដែលបានលេងជាមួយក្រុមឈុតធំម៉ាឡេស៊ីកំឡុងពេល AFF Cup ឆ្នាំ 2022 គឺ Mukhairi Ajmal, Ruventhiran, Haqimi Azim និង Azam Azmi Murad ។ ក្រុមជម្រើសជាតិ U-22 ត្រូវបានចាប់ឆ្នោតជួប U-22 កម្ពុជា សម្រាប់ការប្រកួតដំបូងនៃពានរង្វាន់ Merlion Cup 2023 នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ថ្ងៃទី 24 ខែមីនា ឆ្នាំ 2023 ខណៈមួយប្រកួតទៀតជួបម្ចាស់ផ្ទះសិង្ហបុរី U-22 និងហុងកុង U-22 ។
ការប្រកួតចុងក្រោយ និងចំណាត់ថ្នាក់លេខ៣/៤ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។ ផ្អែកលើកំណត់ត្រា ក្រុមសិង្ហបុរីដែលគ្រប់គ្រងដោយ Fandi Ahmad បានឈ្នះពាន Merlion Cup ក្នុងឆ្នាំ 2019 ដែលមានក្រុមមកពីប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន។