(Khmer) ឥណ្ឌូណេស៊ីបានរៀបចំការប្រកួតមិត្តភាពចំនួនពីរប្រកួតជាមួយនឹងជម្រើសជាតិប៊ូរុនឌីសម្រាប់ថ្ងៃប្រកួត FIFA Day ដែលបានកំណត់ ដែលត្រូវនឹងថ្ងៃទី 25 និង 28 ខែមីនា ឆ្នាំ 2023។
ប្រធាន PSSI លោក Erick Thohir បាននិយាយថា៖ «យើងអាចបញ្ជាក់ថាក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនឹងប្រកួតជាមួយក្រុមប៊ូរុនឌីនៅថ្ងៃ FIFA Day ខាងមុខនេះ»។
លោក Erick បានបន្ថែមថា៖«យើងបានយល់ព្រមរៀបចំការប្រកួតមិត្តភាពសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងខែមិថុនា និងវិច្ឆិកា។ PSSI នឹងចាប់ផ្តើមការចរចាជាមួយក្រុមដែលមានសក្តានុពល។ នៅថ្ងៃអនាគត យើងនឹងធ្វើឱ្យប្រាកដថា អ្វីៗគ្រប់យ៉ាងគឺរលូនទាំងទីកន្លែងនិងវេលា»។
បច្ចុប្បន្នក្រុមជម្រើសជាតិមកពីទ្វីបអាហ្រ្វិកជាប់ចំណាត់ថ្នាក់ទី ១៤១ ក្នុងពិភពលោក ខណៈឥណ្ឌូណេស៊ីជាប់លេខ ១៥១។