(Khmer) លោក Ralf Rangnick ដែលជាអ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ Manchester United បានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករ Edinson Cavani នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយនៅក្នុងខែមករានេះ។
នាពេលថ្មីៗនេះ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើ តែងតែត្រូវបានគេចុះផ្សាយថា មិនសប្បាយចិត្តក្នុងការលេងជាមួយ Man Utd ឡើយ ដោយសាររូបគេមិនសូវទទួលបាននាទីបង្ហាញខ្លួននៅលើទីលាន ខណៈ ពាក្យចចាមអារ៉ាមបានបន្តទៀតថា រូបគេចង់ផ្លាស់ទៅលេងនៅ Barcelona ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
លោក Rangnick បាននិយាយថា៖«ច្បាស់ណាស់ Cavani នឹងមិនចាកចេញឡើយនៅក្នុងខែមករានេះ។ ខ្ញុំបានប្រាប់គាត់តាំងពីថ្ងៃដំបូងដែលខ្ញុំបានមកដល់ទីនេះ ថា គាត់ជាកីឡាករសំខាន់នៅក្នុងក្រុម។ ពួកយើងត្រូវការគាត់។ គាត់ជាកីឡាករដ៏អស្ចារ្យ។ គាត់ដឹង ថា ខ្ញុំនឹងមិនអនុញ្ញាតឲ្យគាត់ចាកចេញនោះទេ»៕
ប្រភព៖ Manchester Evening News