(Khmer) ទីបំផុត! លោក Florentino Perez បានជាប់ឆ្នោតជាប្រធានក្លិប Real Madrid សាជាថ្មីសម្រាប់អាណត្តិទី ៥ ជាប់ៗគ្នាកាលពីថ្ងៃទិ១៩ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីលោកឈរឈ្មោះតែម្នាក់ឯងគ្មានការប្រកួតប្រជែង។ ជាមួយគ្នានេះដែរក្លិបក៏បានបញ្ជាក់ពីការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មីចំនួនបីនាក់បន្ថែមទៀតរួមមានលោក Garcia Sanz, Manuel Redondo Sierra និង Jose Angel Sanchez រហូតដល់ឆ្នាំ២០២៩ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានឱ្យដឹងថាដោយសារមានបេក្ខភាពតែមួយគត់ដែលប្រកាសដោយក្រុមប្រឹក្សាបោះឆ្នោត និងអនុលោមតាមមាត្រា៤០ផ្នែក E ចំណុច ២ លោក Florentino Perez Rodriguez ត្រូវបានប្រកាសជាប្រធានក្លិប Real Madrid។ Madrid បានឈ្នះជើងឯក La Liga ចំនួន ៧ ដង និង Champions League ចំនួន៧ ដងក្នុងអំឡុងពេលលោក Perez ជាប្រធាន។
លោក Perez ជាប្រធានក្លឹប Madrid ចន្លោះឆ្នាំ ២០០០ និង២០០៦ មុនពេលត្រលប់មកតួនាទីវិញក្នុងឆ្នាំ២០០៩។ បុរសវ័យ ៧៧ ឆ្នាំរូបនេះបានឈរឈ្មោះក្នុងការបោះឆ្នោតដែលមិនមានការប្រកួតប្រជែងចាប់តាំងពីការត្រឡប់មកវិញរបស់គាត់ក្នុងឆ្នាំ២០១៣,២០១៧, ២០២១ និង២០២៥ ។
ចំណែកឯលោក Garcia Sanz គឺជាប្រធានក្លឹប Wolfsburg ចន្លោះឆ្នាំ ២០០៩ និង ២០១៨ ហើយបាននៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្លឹប Bundesliga ចាប់តាំងពីឆ្នាំ២០០៤។ ទន្ទឹមនឹងនោះ Redondo Sierra និង Angel Sanchez បាននៅ Madrid រួចហើយក្នុងនាមជានាយកការិយាល័យរបស់ប្រធាន និងជាអគ្គនាយករៀងៗខ្លួន ប៉ុន្តែឥឡូវនេះនឹងទទួលខុសត្រូវបន្ថែមទៀតនៅក្លិប៕
ប្រភព៖ Reuters