(Khmer) ទីក្រុង Glasgow: ក្លឹប Celtic ដែលកំពុងលេងនៅក្របខ័ណ្ឌ Premiership របស់ស្កុតឡេន កាលពីថ្ងៃសុក្របានប្រកាសពីការចុះហត្ថលេខាលើកីឡាករជប៉ុនបីនាក់គឺ Yosuke Ideguchi, Daizen Maeda និង Reo Hatate ខណៈដែលអ្នកចាត់ការក្លិបលោក Ange Postecoglou បាននិយាយថាកីឡាករទាំងបីនេះនឹងផ្ដល់ក្ដី “រំភើប” ដល់អ្នកគាំទ្រ។
ខ្សែបម្រើអន្តរជាតិជប៉ុន Ideguchi មានវ័យ២៥ ឆ្នាំ ចុះកិច្ចសន្យារយៈពេលវែងពីក្លិប Gamba Osaka ហើយ Hatate ដែលមានវ័យ២៥ ឆ្នាំចាកចេញពីក្លិបជប៉ុន Kawasaki Frontale ក៏មានសុពលភាពកុងត្រាវែងដូចគ្នា។
ចំណែកកីឡាករទី៣គឺខ្សែប្រយុទ្ធ Maeda វ័យ២៤ ឆ្នាំ ដែលជាកីឡាករអន្តរជាតិជប៉ុនរបស់ក្លិប Yokohama F. Marinos ដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់។
Postecoglou ធ្លាប់បានដឹកនាំអស់រយៈពេលជាង 3 ឆ្នាំនៅ Yokohama F Marinos មុនពេលគាត់ចូលកាន់តំណែងនៅ Celtic នៅដើមឆ្នាំនេះ ហើយគាត់មានទំនុកចិត្តថាកីឡាករទាំងបីនឹងរីកចម្រើនសម្រាប់ក្លិបមានមូលដ្ឋាននៅទីក្រុងGlasgow ។
គាត់បាននិយាយថា៖ “យើងពិតជារីករាយក្នុងការនាំយកកីឡាករទាំងនេះទៅកាន់ Celtic ហើយខ្ញុំគិតថាពួកគេគឺជាកីឡាករដែលនឹងធ្វើឱ្យអ្នកគាំទ្ររបស់យើងរំភើប” ។
“ច្បាស់ណាស់ ខ្ញុំដឹងច្បាស់អំពីលក្ខណៈសម្បត្តិរបស់ពួកគេ ហើយខ្ញុំគិតថា ក្នុងការនាំយកកីឡាករទាំងបីមកកាន់ក្លឹប យើងនឹងនាំមកនូវគុណភាព បុគ្គលិកលក្ខណៈ និងថាមពលកាន់តែច្រើនដល់ក្រុម ដើម្បីធ្វើការជាមួយកីឡាករដែលធ្វើបានល្អសម្រាប់ពួកយើងរួចហើយនៅរដូវកាលនេះ”។
“ពួកគេទាំងអស់ពិតជាស្ថិតនៅកំពូលនៃអាជីពរបស់ពួកគេ មានមហិច្ឆតាក្នុងការសម្រេចបាននូវភាពជោគជ័យបន្ថែមទៀត ហើយខ្ញុំប្រាកដថានៅពេលពិសេសនេះ យើងនឹងទទួលបាននូវឆ្នាំដ៏ល្អបំផុតរបស់ពួកគេ”។
Celtic ដែលបានចុះហត្ថលេខាលើខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Kyogo Furuhashi ក្នុងខែកក្កដា ហើយពួកគេនឹងចាប់ផ្តើមយុទ្ធនាការ Premiership របស់ពួកគេឡើងវិញនៅទឹកដីរបស់ក្លិប Hibernian នៅថ្ងៃទី 17 ខែមករា បន្ទាប់ពីសម្រាករដូវរងារ។ បច្ចុប្បន្ន Celtic មាន 6 ពិន្ទុតាមពីក្រោយគូប្រជែង Glasgow Rangers នៅលើកំពូលតារាង Premiership នឹងសល់១៨ប្រកួតទៀត។
ប្រភព៖ AFP