(Khmer) ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើការប្រកាសនាំយកកីទ្បាករកូនកាត់ខ្មែរ-បារាំង លូកាស អាតធ័រ ពី Jura Dolois នៃលីគទី ៥ របស់ប្រទេសបារាំង ជាផ្លូវការ។ លូកាស អាតធ័រ ដែលមានវ័យ ២៦ ឆ្នាំរូបនេះធ្លាប់មានបទពិសោធន៍ជាច្រើនលេងនៅសហរដ្ឋអាម៉េរិក និងបារាំង ចន្លោះពីឆ្នាំ ២០១៨ ដល់ ២០២៤ ផងដែរ។
ការចូលរួមជាមួយនឹងក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា គឺមកពេញចំណុចខ្វះខាតតំបន់បម្រើ បន្ទាប់ពីកីទ្បាករ គឹម សុខយុទ្ធ បានរបួសសរសៃពួរ អំទ្បុងពេលបំពេញភារកិច្ចនៅ AFF ឱ្យក្រុមជម្រើសជាតិកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយ គឹម សុខយុទ្ធ ក៏ត្រូវសម្រាកព្យាបាលរបួសខាងលើនេះរយៈពេល ៣ ខែផងដែរ ។
កីទ្បាករកូនកាត់ខ្មែរ-បារាំង លូកាស អាតធ័រ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លនឱ្យក្រុមលើកដំបូង ពេលប៉ះគ្នាជាមួយក្រុមភ្នំពេញក្រោន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥។
គួរជម្រាបឱ្យដឹងថា ក្រុមព្រះខ័នរាជស្វាយរៀង ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក José Muñoz កំពុងតែជួបវិបត្តិនឹងកីទ្បាករសំខាន់ៗជាច្រើនជួបបញ្ហារបួសជាបន្តបន្ទាប់ ក្រោយពីកាលវិភាគប្រកួតមមាញឹកច្រ់ើន ដោយសារនៅរដូវកាលនេះ ពួកគេចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ច្រើននៅក្នុងស្រុក និងអន្តរជាតិ៕