ads
(Khmer) ចាន់ វឌ្ឍនាកា ថាស្ថានភាពរបួសរបស់គេស្ថិតក្រោមការតាមដាន និងរង់ចាំថតស្គេន (MRI) ថ្ងៃនេះ
16-January-2025

(Khmer) ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានប្រាប់អំពីស្ថានភាពបញ្ហារបួសថារូបគេកំពុងតែស្ថិតក្រោមការតាមដាន និងរង់ចាំថតស្គេន (MRI) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ ការលើកទ្បើងបែបនេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់ពីរូបគេហាក់បីជាមានបញ្ហារបួសជង្គង់ខាងឆ្វេង អំទ្បុងពេលការប្រកួតជើងទី១ វគ្គ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤-២៥ ដែលបឹងកេត បានយកឈ្នះលើកំពង់ចាម ដោយបញ្ចប់លទ្ធផល ១-៨ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

ហេតុការណ៍ខាងលើនេះកើតទ្បើង បន្ទាប់ពីរូបគេញក់ចុះញក់ទ្បើងជាមួយនឹងកីទ្បាករកំពង់ចាម រហូតដល់ភ្នាត់ដោយខ្លួនឯង និងដេកដួលលើស្មៅតែម្តង។ បញ្ហាខាងលើនេះធ្វើឱ្យ ចាន់ វឌ្ឍនាកា បង្ខំចិត្តផ្លាស់ប្តូរចេញភ្លាមៗតែម្តងនៅទី ៤១ ជំនួសមកវិញដោយកីទ្បាករ អ៊ាវ សុវណ្ណារ៉ា។ ចាន់ វឌ្ឍនាកា ក៏រកបាន ១ គ្រាប់ឱ្យបឹងកេតផងដែរ នៅក្នុងជំនួបខាងលើនេះ។

យ៉ាងណា ក្រោយពីបញ្ចប់ការប្រកួត ចាន់ វឌ្ឍនាកា ក៏បានប្រាប់ពីស្ថានភាពរបួសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ជម្រាបសួ ពុកម៉ែ បងប្អូន អុំពូមីងយាយតា អរគុណ ពុកម៉ែ បងប្អូន អុំពូមីងយាយតា នៅការបារម្ភ និង ជូនពរមកកាន់រូបខ្ញុំក្រោយមានការដួលនៅក្នុងទីលាននៅប្រកួតល្ងាចមុិញ ស្ថានភាពខ្ញុំពេលនេះគឺស្ថិតនៅក្រោមការតាមដាន និង រង់ចាំថតស្គេន (MRI) នៅថ្ងៃស្អែក អរគុណគ្រប់គ្នាដែលបារម្ភ និង ជូនពរមកកាន់ខ្ញុំ»។ គួររំលឹកថា ចាន់ វឌ្ឍនាកា ធ្លាប់រងរបួសដាច់សរសៃពួរជង្គង់ ACL ខាងស្តាំម្តងរួចមកហើយ កាលពីឆ្នាំ ២០២២ អំទ្បុងពេលប្រកួតទល់នឹងក្រុមវិសាខា នៅក្នុងពានរង្វាន់ Prince Beer Pre-Season Cup៕

ads