ក្រុមអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតក្របខណ្ឌ Thai League រដូវកាល 2022-23 រវាងក្លិប Buriram United ២-២ BG Pathum United ត្រូវបានសមាគមកីឡាបាល់ទាត់ថៃ និងគណៈកម្មាធិការអាជ្ញាកណ្តាល បើកកិច្ចប្រជុំពិនិត្យឡើងវិញ បន្ទាប់ពីក្រុមអាជ្ញាកណ្តាលកាត់សេចក្តីផ្តល់កាតលឿងចំនួន១០ ទៅលើក្រុមភ្ញៀវ ។
ក្នុងការប្រកួតកាលពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅ ក្រុមកីឡាករ BG Pathum United (ក្រុមភ្ញៀវ) ទទួលបានកាតលឿងចំនួន១០ និងកាតក្រហមចំនួន ១សន្លឹក ដែលភាគច្រើន ពួកគេត្រូវបានទទួលក្នុងវគ្គទី២។ ក្នុងករណីនេះដែរ ក្លិប BG Pathum United ក៏បានស្នើទៅកាន់សមាគមកីឡាបាល់ទាត់ថៃ និងគណៈកម្មាធិការអាជ្ញាកណ្តាលឲ្យត្រួតពិនិត្យទៅលើការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាល ដើម្បីចង់ដឹងថាតើក្រុមអាជ្ញាកណ្តាលធ្វើបានត្រឹមត្រូវឬអត់? ជាពិសេសក្នុងហេតុការផ្តល់កាតលឿងចំនួន ១០នេះតែម្តង។
ថ្មីៗនេះ លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា លោក Sarayuth Chak Ngern ជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងប្រកួតនោះ ពិតជាបានសម្រេចចិត្តខុសច្រើនករណី ដែលត្រូវបានហាមមិនឲ្យមានសកម្មភាពជាមួយបាល់ទាត់ក្នុងលីគអាជីពរយៈពេល២សប្តាហ៍ ដោយក្នុងនោះមានជំនួយការអាជ្ញាកណ្តាលលោក Nopphadej Muangngam និងលោក Chaovalit Poonprasit ផងដែរ។ ដោយឡែកអាជ្ញាកណ្តាល ក្នុងបន្ទប់ VAR ក៏ត្រូវបានហាមមិនឲ្យមានសកម្មភាពមួយជាមួយបាល់ទាត់ ១សប្តាហ៍ផងដែរ។
ប្រភព៖ SMM SPORTS