ក្រោយមិនបានបង្ហាញខ្លួនទៀតទាត់នៅក្លិប ណាមួយបាត់បង់ឱកាសជាប់ឈ្មោះក្នុងជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតពានរង្វាន់ AFF Mitsubishi Cup 2022 ចុងឆ្នាំនេះ យ៉ើ សាហ្វីកំពុងពិចារណាជម្រើស២នៃអនាគតរបស់ខ្លួនជាមួយក្លិបភ្នំពេញក្រោន។
ផ្ដល់បទសម្ភាសន៍ជាមួយ B8 Sport ខ្សែការពារពាក់អាវលេខ៥របស់ក្លិបម្ចាស់ជើងឯក៨សម័យមួយនេះបាននិយាយថា៖« ស្ថានភាពទូទៅគឺល្អធម្មតាសម្រាប់ខ្ញុំនៅក្លឹបបាល់ទាត់ភ្នំពេញក្រោនរយៈពេល១០ឆ្នាំហើយដែលរួមរស់នៅទីនេះ។ មួយរយៈចុងក្រោយនេះខ្ញុំអត់សូវបានបង្ហាញខ្លួនគឺមានការខកចិត្តដែរ ព្រោះធ្វើឱ្យទម្រង់លេងធ្លាក់ចុះនិងបាត់បង់កៅអីជម្រើសជាតិ»។
«ពេលនេះខ្ញុំកំពុងពិចារណាដែរ…។ ទីមួយយើងរួមរស់នៅទីនេះ១០ឆ្នាំហើយ ការស្រឡាញ់ មនោសញ្ចេតនាផ្សេងៗគឺយើងគឺពិបាកនឹងកាត់ចិត្តណាស់។ កំពុងស្ថិតក្នុងការពិចារណា គួរធ្វើបែបណា គិតបែបណាបន្ទាប់ គួរនៅឬចាកចេញ។ ខ្ញុំមានរឿងពីរត្រូវគិតមួយ ការស្រឡាញ់ក្លិប ពីរគឺខ្លួនឯង បើយើងអត់បានលេងទៀងទាត់ ធ្វើឱ្យគុណផលយើងធ្លាក់ចុះ កៅអីជម្រើសជាតិបាត់បង់…អញ្ចឹងខ្ញុំខកចិត្តដែរ។ ពេលនេះខ្ញុំកំពុងគិតថាជ្រើសរើសយកមួយណា ក្នុងចំណោម២ហ្នឹង»។
ទាក់ទងនឹងការគ្រងពានលើកទី៨ក្នុងប្រវត្តិសាស្រ្តភ្នំពេញក្រោនកាលពីម្សិលមិញ សាហ្វីបានបង្ហាញអារម្មណ៍រីករាយ និងមានមោទនកភាពចំពោះក្រុម មិត្តរួមក្រុម គ្រូបង្វឹក និងអ្នកគាំទ្រ ដែលជាកត្តារួមជួយឱ្យក្លិបទទួលបានលទ្ធផលល្អបែបនេះ។
«ខ្ញុំរីករាយមែនទែនដែលជាផ្នែកមួយជួយឱ្យភ្នំពេញក្រោនលើកពានលីគកំពូល និងពានផ្សេងៗទៀត ពិសេស Cambodian Premier League ដើម្បីបង្កើត និងរក្សាកំណត់ត្រាក្រុមឈ្នះពានច្រើនជាងគេ ហើយឥឡូវបានពានលីគកំពូល៨លើកហើយក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ ខ្ញុំ! រំភើបដែលបានជួយក្រុមឱ្យលើកពាន ទោះបីជាខ្ញុំមិនសូវបានលេងនៅរដូវកាលនេះក៏ដោយ»។
«វាជាការដឹងគុណ! វាជាការតបស្នងដល់លោកពូ ឬទ្ធី សំណាង អតីតប្រធានក្លិបដោយការជួយក្លិប ឱ្យលើកពានពានផ្សេងៗ ពិសេសការជួយចិញ្ចឹមតាំងពីក្មេង ផ្ដល់ប្រាក់ឈ្នួល ផ្ដល់អាជីពដ៏ជោគជ័យមួយ។ វាក្ដីរីករាយក្នុងចិត្តរបស់ខ្ញុំ ដែលជួយក្លិបលើកពាន»។
ក្នុងពេល១០ឆ្នាំជាងនេះ សាហ្វីបានរួមរស់ជាមួយភ្នំពេញក្រោនតាំងពីឈុតយុវជន រហូតដល់ឈុតធំដោយជួយក្លិបឈ្នះលីគកំពូលកម្ពុជា២លើក (២០២១, ២០២២) ពានរង្វាន់ Cambodian Super Cup (2022) និងពានរង្វាន់ Cambodian League Cup (2022) និងពានរង្វាន់ដទៃទៀតកាលនៅជាឈុតយុវជន៕