នរណាក៏ ដឹងថា កីឡាករ យ៉ើ ម៉ូស្លីមរបស់ភ្នំពេញក្រោនគឺជាខ្សែប្រយុទ្ធ និងបម្រើក្នុងការប្រកួតខ្លះ នៅពេលក្លិបដំឡើងមកឈុតធំ និងចំណាយពេល ២ ៣រដូវកាលដំបូងនៅភ្នំពេញក្រោន ប៉ុន្តែក្រោមការដឹកនាំរបស់លោក Oleg Starynskyi ជាលើកទី២នេះ ម៉ូស្លីមបានផ្លាស់ប្ដូរតួនាទីពីប្រយុទ្ធមកខ្សែការពារស្លាបស្ដាំយ៉ាងទៀងទាត់ ហើយជួនកាលលេងបម្រើស្លាបក្នុងការប្រកួតមួយចំនួន។
និយាយជាមួយ B8 SPORT ទាក់ទងទៅនឹងការប្តូរតួនាទីនេះ ម៉ូស្លីមថា៖ «វាមានផលវិបាកខ្លះដែរបង។ ពេលយើងធ្លាប់តែប្រយុទ្ធ ហើយពេលប្ដូរមកការពារអញ្ចឹងវាពិបាក។ យើងត្រូវការហ្វឹកហាត់ខ្លាំង ឱ្យស៊ាំក្នុងការការពារ ប៉ុន្តែគ្រូបង្វឹកគាត់បានប្រាប់ និងពន្យល់យើងឱ្យលេងបែបនេះ ចាប់កន្លែងបែបនោះអញ្ចឹងទៅយើងអាចលេងបានហើយបង»។
កីឡាករធ្លាប់បង្ហាញខ្លួនក្នុងជម្រើសជាតិឈុតធំបាន៤ប្រកួតរួបនេះបន្តថា៖« ក្នុងតំណែងការពារស្លាបនេះយើងពិបាកបន្តិចបង។ យើងនឿយហត់ខ្លាំង យើងធ្វើការខ្លាំង ព្រោះតួនាទីកន្លែងនេះ យើងត្រូវរត់ឡើងចុះៗ ត្រូវជួយក្នុងតំបន់ការពារផងនិងឡើងទៅគាំទ្រក្នុងតំបន់ប្រយុទ្ធផង។ ទាំងនេះគឺជាអ្វីដែលគ្រូចង់បាន»។
«កីឡាករដែលដែលអាចលេងការពារស្លាបនេះបានល្អគឺទាល់តែមានល្បឿនលឿន កម្លាំងខ្លាំង ហើយពូកែខាងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានល្អ មានចលនារហ័ស ចុះឡើង»។
ខ្សែការពារស្លាបក្នុងបាល់ទាត់សម័យទំនើបនេះ គឺជាខ្សែការពារកាន់កាប់លើទីលានដ៏ទូលាយនៅក្នុងខ្សែបន្ទាត់ការពារបួននាក់ ដែលទទួលខុសត្រូវក្នុងការចូលរួមក្នុងការប្រយុទ្ធ និងបង្កើតឱកាសផងដែរ។ តួនាទីនេះត្រូវបានធ្វើជាចម្បងតាមរយៈការរត់ទៅមុខ ឬឡើងទៅលើដែលត្រួតលើគ្នា ឬដាក់ក្រោមខ្សែប្រយុទ្ធស្លាប ឬមិត្តរួមក្រុមដែលមានខ្សែបម្រើកណ្តាល។ ភារកិច្ចរបស់ full-back គឺនៅចុងទាំងពីរនៃទីលាន; ពួកគេត្រូវតែគាំទ្រការប្រយុទ្ធ និងការពារស្ទើរតែស្មើគ្នា។