អ្នករៀបចំកម្មវិធីប្រកួតបាល់ទាត់អន្តរជាតិ FIFA បានប្រកាសកាលពីថ្ងៃអាទិត្យទី ៤ កុម្ភៈ ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២៦ នឹងធ្វើឡើងនៅកីឡដ្ឋាន MetLife ក្នុងទីក្រុង New York/New Jerseyសហរដ្ឋអាមេរិក។
ការប្រកាសនេះគឺធ្វើឡើងផ្ទុយទៅនឹងគម្រោងលើកមុន ដែលថាវគ្គផ្តាច់ព្រ័ត្រនឹងរៀបចំនៅក្នុងពហុកីឡដ្ឋានAT&T ក្នុងរដ្ឋតិចសាស់ ។នេះបើយោងតាមការចេញផ្សាយរបស់AFPកាលពីថ្ងៃចន្ទទី ៥ កុម្ភៈ២០២៤។
ការដេញថ្លៃរបស់ទីក្រុងញូវយ៉កបានយកឈ្នះគូប្រជែងដ៏ខ្លាំងក្លាពីទីក្រុង Dallas ដើម្បីធានាបាននូវការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៩ខែកក្កដា ដែលជាការប្រកួតលើកដំបូងមានចំនួន៤៨ប្រទេស ដែលត្រូវបានរៀបចំឡើងដោយសហម្ចាស់ផ្ទះចំនួន៣គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
ការប្រកួតបើកឆាកនឹងធ្វើឡើងនៅកីឡដ្ឋាន Azteca ដ៏ល្បីល្បាញរបស់ម៉ិកស៊ិក នៅថ្ងៃទី ១១ខែមិថុនា។
លោក Gianni Infantino ប្រធាន FIFA បាននិយាយថា៖« ការប្រកួត FIFA World Cup ដែលពង្រើកដល់៤៨ក្រុម និងមានឥទ្ធិពលបំផុតដែលមិនធ្លាប់មានពីមុនមក មិនមែនជាសុបិនទៀតទេ ប៉ុន្តែការពិតដែលនឹងកើតឡើងក្នុងទម្រង់នៃការប្រកួតចំនួន១០៤នៅក្នុងកីឡដ្ឋានទំនើបបំផុតចំនួន ១៦នៅទូទាំងប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក »។
លោកបន្តថា៖« ចាប់ពីការប្រកួតបើកឆាកនៅពហុកីឡដ្ឋាន Estadio Azteca ដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យនៅទីក្រុង New York New Jersey ទាំងកីឡាករ និងអ្នកគាំទ្រគឺជាស្នូលនៃផែនការដ៏ទូលំទូលាយរបស់យើងសម្រាប់ការប្រកួតផ្លាស់ប្តូទីតាំងដល់៣ប្រទេស ។វាមិនត្រឹមតែបង្កើតកំណត់ត្រាថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បន្សល់ទុកនូវមរតកដែលមិនអាចលុបចោលបាន»។
Atlanta និង Dallas នឹងធ្វើជាម្ចាស់ផ្ទះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលការប្រកួតចំណាត់ថ្នាក់លេខ ៣ នឹងត្រូវលេងនៅទីក្រុង Miami ។ ការប្រកួតវគ្គ ៨ ផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅទីក្រុង Los Angeles, Kansas City, Miami និង Boston។
ទីក្រុងសរុបចំនួន១៦ នៅទូទាំងប្រទេសទាំងបីនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជាមួយនឹងការប្រកួតជាច្រើនដែលត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ ក៏ត្រូវបានប្រារព្ធឡើងនៅសហរដ្ឋអាមេរិកផងដែរ ហើយវគ្គផ្តាច់ព្រ័ត្របានធ្វើឡើងនៅ Rose Bowl ក្នុងទីក្រុង Pasadena ជិតទីក្រុង Los Angeles ។
កីឡដ្ឋាន MetLife ដែលមានកៅអី៨២៥០០ឆ្លងកាត់ទន្លេ Hudson ពីទីក្រុង New York តំបន់ East Rutherford រដ្ឋ New Jersey គឺជាពហុកីឡដ្ឋានរបស់បាល់បោះអាមេរិក NFL’s New York Giants និង New York Jets ប៉ុន្តែបានរៀបចំការប្រកួតបាល់ទាត់អន្តរជាតិជាច្រើន រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ២០១៦ ផងដែរ ។