លោក Bruno Lage ដែលជាអ្នកចាត់ការក្រុម Wolves បានលើកឡើងថា ក្រុមលោកមិនមានគម្រោងក្នុងការលក់កីឡាករ Ruben Neves ទៅកាន់ Manchester United ឡើយ លុះត្រាតែក្រុមទទួលបានសំណើរដែលមានតម្លៃធំធេងមួយ។
Man Utd កំពុងតែរៀបចំផែនការមួយក្នុងការពង្រឹងតំបន់កណ្តាលរបស់ខ្លួននៅក្នុងខែមករានេះ ឬ អាចនឹងចប់រដូវកាល ដោយក្លិបគ្រោងនឹងចំណាយទឹកប្រាក់ចំនួន៣៥លានផោន សម្រាប់កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ ក្រោយរូបគេបង្ហាញទម្រង់លេងបានល្អមែនទែនក្នុងជ័យជម្នះ ១ទល់នឹង០ ទល់នឹងក្រុមបិសាចក្រហមកាលពីដើមសប្តាហ៍កន្លងទៅ។
លោក Bruno បាននិយាយថា៖”ផែនការរបស់ក្លិបពួកយើង គឺ រក្សាកីឡាករដដែល ព្យាយាមកែលម្អពួកគេ ដើម្បីឈានទៅដល់កម្រិតបន្ទាប់។ យ៉ាងណាក្តី អ្នកបានដឹងហើយពីគំរូរបស់បាល់ទាត់។ ប្រសិនបើការផ្ទេរដ៏ធំមួយលេចឡើង ខ្ញុំអាចប្រៀបធៀបជាមួយនឹងពេលដែលខ្ញុំនៅដឹកនាំ Benfica ហើយក្រុមមួយបានចំណាយទឹកប្រាក់ចំនួន ១២០លានអឺរ៉ូ សម្រាប់កីឡាករ Joao Felix ហើយ អ្នកមិនអាចនិយាយថាទេនោះទេ”៕