ads
ads
លោក គឹម ភក្ដី​យល់​ឃើញ​បែបណាអំពីស្ថានភាព​អ្នក​គាំទ្របាល់​ទាត់​ក្នុងឆ្នាំថ្មី​នេះ?
១១-មិនា-២០២២

ការ​ប្រកួតក្នុងពាន​រង្វាន់ Cambodian Premier League 2022 ទើប​តែដំណើការ​បាន​ត្រឹម​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​បញ្ហាអ្នក​គាំទ្រចូលទស្សនាផ្ទាល់ត្រូវ​មជ្ឈដ្ឋាន​អ្នក​គាំទ្របាល់​ទាត់​ក៏​ដូចជាបុគ្គលក្នុងបាល់​ទាត់បាន​ចាប់​ផ្ដើម​បង្ហាញប្រតិកម្ម និង​បញ្ចេញ​មតិយោបល់រៀងៗខ្លួន ហើយ​ដូចនេះ​ដែរ គ្រូបង្វឹក​បឹង​កេតលោក គឹម​ ភក្ដីក៏​បាន​បង្ហាញអំពី​មតិរបស់​ទាក់​ទងទៅ​នឹង​ប្រធាន​បទ​នេះ​ដែរ។

ក្នុង​កម្មវិធី Talk To Press មុន​ការ​ប្រកួត​សប្ដាហ៍​ទី​២ អតីតគ្រូបង្វឹក​មាន​ប្រភពពី​សាលាបាល់​ទាត់​ជាតិបាទី​រូបនេះបាន​សម្ដែងក្ដី​ត្រេកអរសម្រាប់​អ្នក​គាំទ្រចូល​ទស្សនា និងង​បង្ហាញគំនិតវិជ្ជមានផង​ដែរ៖

«ទាក់​ទងជាមួយអ្នកគាំទ្រ! ខ្ញុំក៏​មាន​មតិខ្លះដែរ ប្រសិនបើ​យើង​គិត​និង​មើល​ក្នុងផ្លូវអវិជ្ជមាន នោះ​យើង​នឹង​ឃើញអ្នក​គាំទ្រតិច អ្នក​គាំទ្រមិន​សូវ​គាំទ្រ​វិស័យបាល់​ទាត់។ នេះ​ជាការ​គិត​មួយ ប៉ុន្តេ​បើ​យើង​គិត​ក្នុងផ្លូវវិជ្ជមានវិញ ពិត​ជារំភើប និង​អស្ចារ្យណាស់ ពីព្រោះ​សម័យ​នេះ​ពួក​គាត់​មក​គាំទ្រ​លើ​ទីលាន​ផង និង​គាំទ្រ​ពី​ចម្ងាយ​នៅ​គេហដ្ឋានផងតាមកន្លែង​ធ្វើ​ការ​របស់​គាត់។

«វា​ជារឿង​ល្អសម្រាប់​វិស័យបាល់​ទាត់​យើង។ មួយ​វិញ​ទៀត! អ្នក​គាំទ្រតិច​ឬ​ច្រើន អាស្រ័យលើ​ក្លិបជាអ្នកប្រូម៉ូត ឱ្យ​អ្នក​គាំទ្រ​ស្រឡាញ់ក្លិបរៀងៗខ្លួន។ យើង​ឃើញ​ហើយ! ក្នុង​ក្រុមជម្រើស​ជាតិ​ ទោះ​បី​ជា​យើង​លេង​ចាញ់​ឬឈ្នះក្ដី គឺ​អ្នក​គាំទ្រ​ទៅ​គាំទ្រទាំងអស់ ដោយ​សារ​ជាតិ​របស់​យើង។ ក្លិប​ដូចគ្នាដែរ!​បើ​យើងធ្វើឱ្យ​ក្លិបរបស់​យើងសម្បូរអ្នក​គាំទ្រ យើង​នឹងមាន​អ្ន​កគាំទ្រ​កាន់​តែ​ច្រើន»។

«យើង​ឃើញការ​ប្រកួត​ពី​ឆ្នាំ​ទៅ វិសាខាជាមួយបឹង​កេត គឺ​យើង​ទទួលបាន​អ្នក​គាំទ្រជាច្រើន ដោយ​សារ​អ្នក​គាំទ្រ​ស្រឡាញ់ក្លិបរៀងៗខ្លួន។ នេះ​គឺ​ជា​អ្វី​ដែលយើង​ត្រូវ​កសាង ដើម្បី​ឱ្យ​អ្នក​គាំទ្រមកចូលរួម​កាន់​តែ​ច្រើន ហើយ​នេះ​ជាចំណុចវិជ្ជមានសម្រាប់​អ្នក​គាំទ្រ សង្ឃឹម​ថា​ពួកយើង​ក្នុង​វិស័យបាល់​ទាត់ យើង​មិន​ត្រូវ​គិត​អវិជ្ជមាន​ណាមួយ ទៅ​លើ​ផ្នែកណាមួយនោះ​ទេ យើង​ត្រូវគិត​វិជ្ជមាន​ដើម្បី​បន្ត​ដំណើរទៅមុខ​ទាំងអស់​គ្នា»។

«សង្ឃឹម​ថា​អ្នក​គាំទ្រក៏​លោក​មានពេល មានឱកាស​ ស្រឡាញ់ក្លិប​ណាមួយ លោកនឹង​ប្រឹង​ប្រែងទៅ​គាំទ្រក្លិប​មួយ​នោះ ទៅ​ថ្ងៃ​អនាគតជាមិនខាន។ ដូច្នេះពួក​គេ​ព្យាយាមលេង​ឱ្យ​បាន​ល្អ ឱ្យ​បាន​ទាក់​ភ្នែកទស្សនិជន មាន​កម្រិតកាន់​តែ​ខ្ពស់​ជាង​នេះ លីគយើងកាន់​តែ​ខ្លាំង អ្នក​គាំទ្រច្បាស់​ណាស់​នឹង​មក​ទស្សនា​ជ្រោមជ្រែងទាំងអស់​គ្នា»។

«ខ្ញុំសង្ឃឹម​ថានៅ​ថ្ងៃ​អនាគតយើង​នឹង​សម្បូរអ្នក​គាំទ្រ។ បច្ចុប្បន្ន​នេះ​បើ​យើងប្រៀបធៀប​ទៅ​វៀតណាម​ យើង​ឃើញ​អ្នក​គាំទ្រគេច្រើន ប៉ុន្ដែ​ប្រជាជនគេច្រើន​ដូចគ្នា ហើយ​ប្រជាជនគេ​ស្រឡាញ់ក្លិប ស្រឡាញ់តំបន់របស់​គេ។ ប្រជាជនរបស់​គេ​ច្រើន​ជាង​យើង​គុណដប់ អញ្ចឹង​ពួក​គេ​ទៅ​ទស្សនាបាល់​ទាត់​ចាប់​ពី១ម៉ឺននាក់ ​បើ​ធៀប​ជាមួយយើងមើល​ត្រឹម​១០០០នាក់ ខ្ញុំគិត​ជាអ្នក​គាំទ្រគិត​ជាមធ្យម​យើងមាន​កំណត់​ត្រា​ល្អ​ផង​ដែរ។ ខ្ញុំនិយាយនេះ​ជាភាពវិជ្ជមានសម្រាប់បាល់​ទាត់របស់​យើង ហើយបងប្អូន​នឹង​មក​ទស្សនាការ​ប្រកួត ហើយ​ក៏​បន្ត​ទស្សនាការ​ប្រកួតតាម​គេហដ្ឋាន នេះ​គឺ​ជាសណ្ដានចិត្ត ជាការ​លើក​ទឹក​ចិត្តសម្រាប់​ក្លិប​និង​កីឡាករទាំងអស់”៕

ads
ads