កីឡាករវ័យក្មេងរបស់អាស៊ីអឺរ៉ុប វ៉ាន់ វីតគឺជាកីឡាករម្នាក់ក្នុងចំណោម៣នាក់របស់ក្លិបដែលមានឈ្មោះក្នុងបញ្ជីចុងក្រោយនៃជម្រើសជាតិ U19 កម្ពុជាត្រៀមសម្រាប់ពានរង្វាន់ AFF U-19 Boy Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី។
អតីតកម្មករសំណង់រូបនេះបានជាប់ជម្រើសជាតិតាមគោលបំណងរបស់ខ្លួនហើយ។ ក្នុងសារឆ្លើយឆ្លងជាមួយ B8 Sport រូបគេបង្ហាញភាពសប្បាយរីករាយ ហើយគោលបំណងនៃការប្រឹងប្រែងរបស់ខ្លួន។
«ខ្ញុំសប្បាយចិត្តណាស់ដែលមានឈ្មោះក្នុងបញ្ជីចុងក្រោយរបស់ជម្រើសជាតិ។ ឆ្លងការត់ការធ្វើតេស្តិ៍ជាច្រើនដំណាក់កាល និងពិបាកទៅៗ ខ្ញុំមិននឹកស្មានទេ តែពេលនេះវាគ្រាន់តែជាចាប់ផ្ដើមប៉ុណ្ណោះ”។
«វាមិនមែនជារឿងចៃដន្យទេបង។ ខ្ញុំជាប់ជម្រើសជាតិនេះដោយការប្រឹងប្រែងដោយខ្លួនឯងផង ជាមួយមិត្តរួមក្រុម រៀនសូត្រពីរៀមច្បង ពិសេសអរគុណគ្រូបង្វឹកមែនទែនដែលគាត់ផ្ដល់ឱកាសឱ្យខ្ញុំបានបង្ហាញសមត្ថភាពក្នុងការប្រកួតលីគ និងខាប់កន្លងមក។ ពេលមានចំណុចខ្វះខាតគាត់តែងតែងណែនាំ”។
លើសពីនេះកីឡាករវ័យ១៨ឆ្នាំមានកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំរូបនេះបានបន្តថា៖« ក្នុងរដូវកាលនេះខ្ញុំមានឱកាសបានលេងច្រើនក្នុងក្រោម ពិសេសក្នុងជម្រើស១១នាក់ដំបូងគ្រប់ការប្រកួត។ កីឡាករក្នុងក្រុមពិតជាមានការប្រកួតប្រជែងខ្ពស់ណាស់បង ទោះបីជាក្រុមយើងលេងក្នុងលីគទី២ក៏ដោយ។ ដំបូងឡើយ! ខ្ញុំគិតថាគ្មានសង្ឃឹមដែរ តែប្រឹងយូរៗទៅ ឃើញថាបានផលហើយក៏មានឱកាសលេងអញ្ចឹងទៅ”។
វ៉ាន់ វីត គឺជាខ្សែបម្រើវ័យក្មេងមួយរូបនៅអាស៊ីអឺរ៉ុបយូណាយធីត ដោយត្រូវបានដំឡើងពីក្រុមថ្នាលយុវជនមកកាន់ក្រុមធំក្នុងរដូវកាល ២០២១នេះ។កីឡាករវ័យ១៨ឆ្នាំមានកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានឪពុកម្ដាយជាអ្នកលក់ដូរតិចតួចនៅផ្ទះ។ ដោយសារតែបញ្ហាជីវភាព គេបានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៤ ចាប់ការងារជាកម្មករសំណង់ជាមួយពូ ដោយទទួលបានថ្លៃពលកម្ម២ម៉ឺនរៀលក្នុងមួយថ្ងៃ។ធ្វើការសំណង់បានមួយរយៈ គេក៏សម្រេចចិត្តទៅធ្វើការជាអ្នកតំណាងចែកចាយផលិតផលជាមួយបងប្រុសវិញ។
អំឡុងធ្វើការជាអ្នកតំណាងចែកចាយ វ៉ាន់ វីត ក៏ឆ្លៀតលេងបាល់ទាត់ជាប្រចាំដែរ។ ក្រោយមក គេបានសម្រេចចិត្តចូលធ្វើតេស្ដនៅក្រុមអាយុក្រោម១៨ឆ្នាំអាស៊ីអឺរ៉ុយូណាយធីត កាលឆ្នាំ២០២០ ដោយមានការណែនាំពីគ្រូៗដែលជាអ្នកស្គាល់គ្នា ហើយក៏បានជាប់ជាស្ថាពរ។ ត្រឹមរយៈពេលមួយឆ្នាំ គេក៏ត្រូវបានគ្រូបង្គោលក្រុមធំ គឺលោក សុក វាសនា កោះហៅចូលរួមការប្រកួតក្របខណ្ឌ Metfone Cambodian League 2021 តែម្ដង។
នៅអាស៊ីអឺរ៉ុបយូណាយធីត ក្រៅពីបានប្រាក់ខែសមល្មម វ៉ាន់ វីត ក៏ទទួលបានកន្លែងស្នាក់នៅ និងការជួយទំនុកបម្រុងផ្សេងពីក្លិប និងពីម្ចាស់ហាងស៊ុបពពែពេញចិត្តទៀតផង។ គេបានទុកប្រាក់ខែមួយភាគផ្ញើដល់គ្រួសារនៅស្រុកកំណើតជាប្រចាំផងដែរ។