ខ្សែការពារស្លាបឆ្វេងជម្រើសជាតិកម្ពុជា និងក្លិបបឹងកេត វ៉ាំង ដាវីនបានបង្ហាញឈ្មោះកីឡាករ៣នាក់ដែលរូបគេពេញចិត្តបំផុត និងចាត់ទុកជាកីឡាករគំរូដើម្បីអភិវឌ្ឍន៍អាជីពបាល់ទាត់របស់ខ្លួន។
ក្នុងសារឆ្លើយឆ្លងអេឡិចត្រូនិកជាមួយអ្នករាយការណ៍ព័ត៌មានរបស់ B8 Sport ខ្សែការពារ U23 កម្ពុជាមានប្រភពពីខេត្តកំពង់ឆ្នាំរូបនេះបាននិយាយថា៖« នៅអឺរ៉ុប! កីឡាករដែលខ្ញុំពេញចិត្តជាងគេគឺ Robin van Persie ។ ពេលដែលខ្ញុំចេះមើលបាល់ទាត់ដំបូង គាត់ចាកចេញពី Arsenal មកលេងនៅ Manchester United ហើយជួយក្លិបលើកពាន”។
«នៅអាស៊ី! ខ្ញុំឃើញកីឡាករម្នាក់លេងកូដឆ្វេងរបស់ជម្រើសជាតិថៃ និងក្លិប Buriram United កីឡាករ Teerathon Bunmathan ។ខ្ញុំស្រឡាញ់ពូកែប្រើជើងឆ្វេង ទាត់ Set Piece គ្រប់ប្រភេទ។ ហើយនៅកម្ពុជា គឺរៀបច្បង ឆេង ម៉េងរបស់វិសាខាហ្នឹងហើយ»។
បញ្ជាក់ឡើងវិញ! វ៉ាំង ដាវីនគឺជាសមាជិកម្នាក់របស់ជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣១នៅវៀតណាម ហើយរូបគេក៏កំពុងចាប់ផ្ដើមបង្ហាញភាពលេចធ្លោក្នុងក្រុមបឹងកេតអេហ្វស៊ីនៅរដូវកាលនេះផងដែរ៕