ads
ads
សមាជិកក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ លើកឡើង៤ចំណុច ក្រោយកំណត់ឲ្យចាញ់ជាស្វ័យប្រវត្តិក្នុងពាន Soccer League
០២-កុម្ភៈ-២០២៣

គណៈកម្មាកររៀបចំការប្រកួតរបស់ UYFC Soccer League 2023 សម្រេចអោយក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) ចាញ់ដោយស្វ័យប្រវត្តិ ដោយអនវត្តន៍តាមច្បាប់។

ក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) បានលើកហេតុផល៤ចំណុច ដែលទាក់ទងនឹងរឿងដែលគណៈកម្មាកររៀបចំការប្រកួតរបស់ UYFC Soccer League 2023 សម្រេចអោយក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) ចាញ់ដោយស្វ័យប្រវត្តិរួមមាន៖

1. លោកទទួលស្គាល់ថា ជាកំហុសរបស់ក្រុមរបស់លោក ដែលមិនបានឆែកកីឡាករដិតដល់ ព្រោះកីឡាករលាក់ពត៌មាន គិតថាគេមិនស្គាល់ ដើម្បីចង់លេង ដែលជាហេតុធ្វើអោយមានកំហុសនេះកើតឡើង (ក្រុមម្ខាងទៀតតវ៉ាក្រោយលេងចប់ការប្រកួត 90នាទី ដោយបានគិតទុកមុនថានឹងតវ៉ាពេលក្រុមខ្លួនចាញ់) ។

2. គណៈកម្មការផ្តល់សិទ្ធិអោយក្រុមម្ខាងឡើងទៅវគ្គ 4ក្រុមវិញ ដោយអះអាងលើការតវ៉ាត្រូវនឹងច្បាប់ដែលចែង តែឯណាទៅទំនួលខុសត្រូវរបស់គណៈកម្មកររៀបចំពានរង្វាន់នេះ? បង្កើតពានរង្វាន់នេះឡើងមក តែមិនអាចគ្រប់គ្រងកីឡាករទាំងស្រុងបាននៅក្នុងវគ្គដ៏សំខាន់ ដោយសារប្រើប្រាស់ពាក្យថា គណៈកម្មការតិចមិនអាចគ្រប់គ្រងកីឡាករបានទាំងអស់។

3. ច្បាប់គឺច្បាប់ តែក្រុមម្ខាងទៀតក៏បានបំពានច្បាប់ ដោយប្រើប្រាស់កីឡាករម្នាក់ដែលជាប់ឈ្មោះលេងលីកអាជីព Metfone Cambodia League 2020 ។ កីឡាករម្នាក់នោះបានលេង 4ប្រកួតហើយក្នុងពានរង្វាន់ UYFC Soccer League 2023 នេះ គឺ 3ប្រកួតក្នុងវគ្គចែកពូល និង1ប្រកួតក្នុងវគ្គ 16ក្រុមចុងក្រោយ (មិនលេងនៅវគ្គ 8ក្រុមចុងក្រោយ តែបានចុះឈ្មោះកីឡាករបម្រុង ដោយសារខ្លាចពាក់ព័ន្ធ និងបានរៀបចំតវ៉ាក្រុមខ្ញុំ បើសិនក្រុមខ្លួនចាញ់) ។

4. បើតាមច្បាប់ កំហុសកើតមានរៀងខ្លួន តែចោទមកអោយក្រុមរបស់លោកធ្លាក់ តែម្ខាងទៀតឡើងវិញ (ប្រកួតចប់ 90នាទី ម្ខាងទៀតបានចាញ់ក្រុមរបស់លោកដោយលទ្ធផល 2-1 ) ។

សមាជិកក្រុមរូបនេះបានអះអាងថា ក្រុមនីមួយៗបានចំណាយទាំងថវិការ និងពេលវេលាយ៉ាងច្រើន និងបានលះបង់ជួយក្រុមខ្លួន ដើម្បីឡើងមកប្រកួតប្រជែងយកពាន តែបែរជាធ្លាក់ដោយសារការតវ៉ា ទាំងដែលក្រុមទាំងពីរមានកំហុសដែលខុសពីច្បាប់ដែលចែងដូចគ្នា។ តើឯណាទៅយុត្តិធម៍?

លោកបានស្នើរដលើមហាជនដែលស្រលាញ់បាល់ទាត់ និងតាមដានក្នុងពានរង្វាន់ UYFC Soccer League 2023 ជួយគិត និងបញ្ចេញយោបល់ទៅលើការរៀបចំ និងការកាត់ក្តីរបស់គណៈកម្មការទៅលើរឿងនេះផង។

មែនទែនទៅ! ការប្រកួតកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រុម ស.ស.យ.ក.ស្រុកខ្សាច់កណ្តាល (ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ) ត្រូវបានសម្រេចបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ បន្ទាប់ពីយកឈ្នះ Royal Mayura Resort FT ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានស្ដាតចាស់។ ប៉ុន្តែស្រាប់តែគណៈកម្មាកររៀបចំការប្រកួតរបស់ UYFC Soccer League 2023 បានសម្រេចអោយក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) ចាញ់ដោយស្វ័យប្រវត្តិវិញ ដោយអះអាងថា ជាការអនវត្តន៍តាមច្បាប់នៃការប្រកួត។

ទោះបីជាយ៉ាងណា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែកុម្ភៈ នៅកីឡដ្ឋានស្តាត់ចាស់ និងថ្ងៃទី៥ ខែកុម្ភៈ នៅកីឡដ្ឋាន Smart RSN៕

ads
ads