កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់អាហ្វហ្គានីស្ថាន បានចេញបញ្ជីឈ្មោះកីឡាករបឋមចំនួន ៣៤នាក់ ដើម្បីត្រៀមប្រកួតជម្រុះព្រឹត្តិការណ៍ AFC Asian Cup ដែលស្ថិតក្នុងពូលជាមួយកម្ពុជា ហុងកុង និងម្ចាស់ផ្ទះឥណ្ឌា នៅកំឡុងខែមិថុនាខាងមុខនេះ។ អ្វីដែលចាប់អារម្មណ៍ខ្លាំង គឺកីឡាករអាហ្វហ្គានីស្ថាន ទាំង២រូបដែលលេងនៅកម្ពុជាក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិផងដែរ។
View this post on Instagram
កីឡាករអន្តរជាតិអាហ្វហ្គានីស្ថានទាំង២រូប ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិគឺខ្សែប្រយុទ្ធ Fareed Sadat របស់ក្លិបភ្នំពេញក្រោន និងខ្សែបម្រើប្រយុទ្ធ Mustafa Zazai របស់ក្លិបបឹងកេត។ ហើយពួកគេទាំង២រូបនឹងត្រូវចូលរួមហ្វឹកហាត់ជម្រុះបឋម ជាមួយក្រុមជម្រើសជាតិនៅថ្ងៃទី២១ ខែឧសភានេះ ដើម្បីជម្រុះយកកីឡាករ ២៦នាក់ទៅបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសទីក្រុងហាណូយ ជាមួយវៀតណាម នៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ។
សហព័ន្ធកីឡាបាល់ទាត់អាហ្វហ្គានីស្ថានបានបញ្ជាក់ថា កីឡាករ២៦នាក់ដែលបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាពនៅវៀតណាម នឹងត្រូវជម្រុះចុងក្រោយក្នុងបញ្ជីជម្រើសជាតិយកត្រឹមកីឡាករ២៣នាក់ប៉ុណ្ណោះ សម្រាប់ដំណើរទៅកាន់ទីក្រុង Calcutta ប្រទេសឥណ្ឌា ដើម្បីចូលរួមការប្រកួតជម្រុះ Asian Cup នៃការប្រកួតក្នុងពូល B ដែលនឹងប៉ះហុងកុង ឥណ្ឌា និងកម្ពុជា ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ៕