ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី រួមទាំង Il Corriere Dello Sport និង Calciomercato.com បានលើកយកហេតុផលកើតឡើងរយៈពេលបីខែក្នុងអំឡុងពេលការប្រកួតដែលធ្វើឱ្យ Mourinho ខឹងសម្បារទៅលើកីឡាករ Karsdorp ។
ហេតុផលទី១ គឺនៅពេលដែល Karsdorp ហៀបនឹងជំនួស Zeki Celik នៅតង់ទីពីរ។ យោងតាមរបាយការណ៍ខាងលើបានបញ្ជាក់ថា ខ្សែការពារសញ្ជាតិហូឡង់រូបនេះបានធ្វើកាយវិការពន្យាពេលចូលទីលាន ដោយចំណាយពេលយូរ ដើម្បីដើរទៅដល់ខ្សែបន្ទាត់ទីលាន និងយឺតក្នុងការពាក់អាវដើម្បីចូលលេង។ ដូច្នេះហើយ Mourinho បានកត់សម្គាល់កីឡាកររូបនេះ តាំងពីពេលនោះមក។
ហេតុផលទី២ គឺលោក Mourinho ក៏បានកត់សម្គាល់ផងដែរថាកីឡាករវ័យ 27 ឆ្នាំរូបនេះមិនបានចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់ ដើម្បីអបអរគ្រាប់បាល់ចុងម៉ោងរបស់ Tammy Abraham ហើយផ្ទុយទៅវិញគាត់បាននិយាយទៅកាន់កីឡាករ Bryan Cristante ដោយចោទប្រកាន់ថាមិត្តរួមក្រុមរបស់គាត់ថាមិនបានបញ្ជូនបាល់ឱ្យគាត់លេងនោះទេ។
ហេតុផលទី៣ គឺបង្ហាញទម្រង់លេងការពារមិនល្អរបស់គាត់ ដោយបានអនុញ្ញាតឱ្យកីឡាករ Armand Laurienté រត់បានពីក្រោយខ្នង នៅតំបន់ផ្នែកខាងឆ្វេង ហើយមានឱកាសបញ្ចូនបាល់ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Andrea Pinamonti ។
យោងតាមសារព័ត៌មាន Calciomercato លោក Mourinho មិនសប្បាយចិត្តនឹងអាកប្បកិរិយារបស់ Karsdorp អស់រយៈពេលជាយូរមកហើយ។ ខ្សែការពាររូបនេះ មិនត្រូវបានកោះហៅសម្រាប់ការប្រកួត Europa League ទល់នឹង Ludogorets ក្នុងខែកញ្ញា ហើយរបាយការណ៍បន្ថែមទៀត បានអះអាងថា អ្នកគាំទ្រ Roma មួយចំនួនក៏បានប្រទះឃើញ Karsdorp នៅបារក្បែរ Piazza Navona កាលពីសប្តាហ៍មុនភ្លាមៗ បន្ទាប់ពីការចាញ់ 1-0 របស់ Roma ក្នុងការប្រកួត Derby Della Capitale ទល់នឹង Lazio ។