អត្ថបទទាំងស្រុងរបស់សារព័ត៌មានថ្មីៗ បានចេញផ្សាយថា រូបរាងពានលីគកំពូលកម្ពុជា ត្រូវបាន អ្នកនាង ទេព ផាន់នីចំណារ ប្រធានផ្នែកទីផ្សារក្រុមហ៊ុន CPL និងលោក ខេង សុខហេង ផ្ដើមគំនិតរចនាបថ ដោយលោក Satoshi Saito នាយកប្រតិបត្តិ CPL ក៏បានយល់ស្រប។
លោក ខេង សុខហេង បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការរចនាពាន ឲ្យស្រដៀងទៅនិងក្បាលគោព្រៃនេះ ព្រោះជាសត្វនិមិត្តរូបរបស់កម្ពុជា។ សត្វគោព្រៃនេះ ត្រូវបាន សត្តវិទូអន្តរជាតិ ទទួលស្គាល់ និងដាក់ឈ្មោះដូចគ្នាក្នុងភាសាអង់គ្លេស អេស្ប៉ាញ និង បារាំង គឺប្រើពាក្យថា «Kouprey»។ សត្វនេះ ត្រូវបានកំណត់ជាសត្វនិមិត្តរូប នៃមរតកធម្មជាតិរបស់កម្ពុជា និងតំណាងឲ្យពពួកថនិកសត្វ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៥។
ផ្ទៃកណ្ដាល នៃពាននេះ ត្រូវបានរចនាជារូបផែនទីប្រទេសកម្ពុជា។ លោក សុខហេង ប្រធានផ្នែកផ្សព្វផ្សាយ CPL បន្ថែមថា រូបផែនទីរបស់ប្រទេសកម្ពុជា បង្ហាញពីការខិតខំប្រឹងប្រែង របស់កីឡាករក្នុងលីគកំពូល ដែលមកពីគ្រប់បណ្តាខេត្តនានា។ ម្យ៉ាងវិញទៀត ក៏ជាការបង្ហាញនូវ វិស័យបាល់ទាត់ រីកដោះដុលពេញប្រទេសកម្ពុជា។
នៅក្នុងនោះដែរ រូបរាងពាននេះ ក៏មានភ្ជាប់អត្ថន័យតាមរឿងកូរសមុទ្រទឹកដោះ ដូពានលីគទី២ ផងដែរ ដោយជើងពាន ឬទម្រពាន ប្រដូចទៅនិងសត្វអណ្ដើកឈ្មោះ កុមិ ដែលទ្រភ្នំមន្ទរៈ ស្ថិតនៅផ្នែកកណ្ដាលនៃពាន។