ads
ads
ស្រាំង ទិត្យឈី គ្រូបង្វឹកថ្មីផ្ដោតលើការហ្វឹកហាត់កម្លាំង និងការគៀបសង្កត់គូប្រកួត
០៤-មករា-២០២២

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ក្លិបអង្គរថាយហ្គឺរបានប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Alistair Heath ហើយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ក៏បានធ្វើការហ្វឹកហាត់ជាច្រើនថ្ងៃមកហើយដែរតាំងពីប្រកាសផ្លូវការដំបូង។

បន្ទាប់ពីទទួលបានការហ្វឹកហាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ ខ្សែការពារស្រាំង ទិត្យឈីបានបង្ហាញថា រូបគេទទួលបានយុទ្ធសាស្រ្តថ្មី របៀបលេងថ្មីពីគ្រូបង្វឹករូបនេះ។

ផ្ដល់បទសម្ភាសន៍មកកាន់ក្រុមការងារ B8 Sport អតីតយុវជនភ្នំពេញក្រោនរូបនេះ រៀបរាប់ថា ៖
«សម្រាប់ការដឹកនាំថ្មីរបស់គាត់ ប្លែកពីគ្រូចាស់ត្រង់ថាគាត់ផ្ដោតលើការហ្វឹកហាត់កម្លាំង និងការដាក់សម្ពាធ (Pressing) លើគូប្រកួតក្នុងតំបន់ខាងលើ»
«ការសហការគ្នាក្នុងក្រុម មិនទាន់ល្អទេបង! ធម្មតាកីឡាករយើងក្មេងៗច្រើន មិនសូវមានបទពិសោធន៍ ហើយសមាជិកចាស់ឆ្នើមៗ ចាកចេញទៅច្រើនទៀត។ ប៉ុន្តែខ្ញុំសង្ឃឹមថា ពួកគាត់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ និងយល់ពីតាក់ទិច យល់ពីអ្វី ដែលគ្រូចង់បានសម្រាប់ត្រៀមរដូវកាលថ្មី»

 

និយាយអំពីផលវិបាក ដែលកីឡាករចាស់ៗ ចាកចេញ ដែលមានដូចជា ឡុង ភារ៉ាត់ ទៅព្រះខ័នរាជស្វាយរៀង ឈង់ ប៊ុនណាតទៅវិសាខាហើយ សឿត បារាំងត្រឡប់មកភ្នំពេញក្រោនវិញទៀតនោះ ទិត្យឈី ក៏បានបន្ថែមទៀតថា៖

«ការចាកចេញរបស់ប៊ុនណាត បារាំង និងកីឡាករមួយចំនួនទៀត ពិតជាផ្ដល់ផលលំបាកដល់យើង ព្រោះពួកគាត់សុទ្ធតែជាកីឡាករល្អៗ ប៉ុន្តែទន្ទឹមនិងនេះយើងត្រូវត្រៀមខ្លួន យើងត្រូវប្រឹងប្រែងឱ្យដើម្បីរដូវកាលថ្មីជិតមកដល់នេះ»

 

-រូបភាព៖ ក្លិបអង្គរថាយហ្គឺរ
ads
ads