លោក Thomas Tuchel ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប Chelsea បានដាក់ឲ្យ Romelu Lukaku អង្គុយនៅកៅអីបម្រុងពេញ៩០នាទីតែម្តងក្នុងជ័យជម្នះទល់នឹង Lille នៃក្របខណ្ឌ Champions League កាលពីយប់មិញ។
កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើ ខកខានក្នុងការបង្ហាញភាពខ្លាំងរបស់គេនាការប្រកួតប៉ុន្មានសប្តាហ៍ចុងក្រោយនេះជាពិសេសការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅទល់នឹង Crystal Palace ដែលរូបគេប៉ះបាល់បានតែ៧ដងប៉ុណ្ណោះ ខណៈ យប់មិញលោក Tuchel បានឲ្យគេស្ថិតនៅបម្រុងជំនួសមកវិញដោយប្រើប្រាស់ Hakim Ziyech, Kai Havertz និង Christian Pulisic លេងជាជម្រើសដំបូង។
លោក Tuchel បាននិយាយថា៖«ខ្ញុំមានអារម្មណ៍ថា Lukaku ហត់នឿយបន្តិច ហើយ អ្នកត្រូវតែពិចារណាពីព្រោះគាត់លេងច្រើនមែនទែន។ ពួកយើងត្រូវប្រកួតរហូតដល់វគ្គថែមម៉ោងក្នុងពានរង្វាន់ Club World Cup វគ្គផ្តាច់ព្រ័ត្រ និង ធ្វើដំណើររយៈពេលយូរ។ ដូច្នេះវាជារឿងល្អសម្រាប់គាត់ក្នុងការស្ថិតនៅបម្រុងយប់មិញ ហើយ ផ្លាស់ប្តូរស្ថានការក្នុងពេលវេលាណាមួយប្រសិនបើយើងត្រូវការគាត់»៕