លោក Thomas Frank គ្រូបង្វឹកក្លឹប Brentford ដែលទើបតែប្រកួតចាញ់មេឃខៀវ Manchester City ១-០ កាលពីរាត្រីថ្ងៃអង្គារ បានដាក់ឈ្មោះកីឡាករអង់គ្លេសម្នាក់ដែលលោកជឿថាអាចឈ្នះពានរង្វាន់បាល់មាស Ballon d’Or នាពេលអនាគត។
តើកីឡាកររូបណាដែលលោកសម្លឹងឃើញ?
យោងតាមគេហទំព័រ Goal.com ចេញផ្សាយកាលពីថ្ងៃពុធទី២១ កុម្ភៈ ២០២៤ លោកលោក Thomas Frank ចាប់អារម្មណ៍ទៅលើកីឡាករខ្សែប្រយុទ្ធ Phil Foden របស់ Manchester City ជំនួសកីឡាករ Jude Bellingham របស់ Real Madrid ។
Foden វ័យ២៣ ឆ្នាំកំពុងរីករាយនឹងរដូវកាលដែលគាត់បានបង្ហាញវត្តមានជាប់លាប់បំផុតសម្រាប់ City ជាមួយ នឹងការស៊ុតបញ្ចូលទីបាន ១៥ គ្រាប់នៅក្នុងការប្រកួតទាំងអស់រហូតមកដល់បច្ចុប្បន្ន និងជួយមិត្តរួមក្រុមចំនួន ១០ ដងថែមទៀត។
លោក Thomas Frank បាននិយាយនៅមុនការប្រកួត Premier League ជាមួយ Manchester City កាលពីយប់ថ្ងៃអង្គារថា Foden គឺជាកីឡាករដ៏ល្អបំផុតសម្រាប់ខ្ញុំ។ គាត់គឺជាកីឡាករប្រទេសអង់គ្លេសដែលអាចនឹងឈ្នះ Ballon d’Or នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោកបន្តថា គាត់ធ្វើអោយមានឥទ្ធិពលលើការប្រកួតក្នុងទម្រង់ជាច្រើន។ការប្រកួតចុងក្រោយទល់នឹងពួកយើងកាលពីដើមខែកុម្ភៈគាត់ស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង។ គាត់គឺជាអ្នកលេងបាល់ដ៏ល្អម្នាក់ និងធ្វើការយ៉ាងខ្លាំងសម្រាប់ក្រុម។
Foden មិនបានជាប់ក្នុងបញ្ជីសម្រាំងកំពូលទាំង៣០ សម្រាប់ Ballon d’Or កាលពីឆ្នាំមុននោះទេ ប៉ុន្តែបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២២ ក្នុងឆ្នាំ ២០២២ និងទី ២៥ ក្នុងឆ្នាំ២០២១។
កីឡាករអង់គ្លេសចុងក្រោយគេដែលឈ្នះ Ballon d’Or គឺ Michael Owen ក្នុងឆ្នាំ ២០០១ ខណៈប៉ុន្មានឆ្នាំថ្មីៗនេះពានរង្វាន់ត្រូវបានគ្រប់គ្រងប្តូរវេនដោយ Lionel Messi និង Cristiano Ronaldo ៕