ads
ads
Theerathon Bunmathan៖ «លេងនៅលីគម៉ាឡេស៊ី? ហេតុអ្វីថាមិនបាន!»
១២-មករា-២០២៣

ខ្សែការពាររបស់ក្រុមជម្រើសជាតិថៃ Theerathon Bunmathan មិនបានច្រានចោលលទ្ធភាពដែលគាត់លេងនៅលីគម៉ាឡេស៊ីនាពេលអនាគតនោះទេ។

សំណួរនេះត្រូវបានសួរដោយអ្នកយកព័ត៌មានរបស់​ស្ថាប័ន Astro Arena លោក Zulhemi Zainal Azam តាមរយៈទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter របស់គាត់ បន្ទាប់ពីការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជាមួយក្រុមម៉ាឡេស៊ី ដែលបានធ្វើឱ្យថៃឈ្នះការប្រកួតជាមួយនឹងលទ្ធផល 3-0 និងឈានទៅវគ្គផ្តាច់ព្រ័ត្រ។

Theerathon បានបង្ហាញខ្លួនជាកីឡាករឆ្នើមម្នាក់ក្នុងការប្រកួតពានរង្វាន់ AFF Cup ឆ្នាំ​នេះ​ដែល​គាត់​បាន​ក្លាយជាតួអង្គសំខាន់​ក្នុង​ក្រុម ពិសេស​ការ​ដើរ​តួរ​ជា​កីឡាករនាំលេងក្នុងតំបន់បម្រើកណ្ដាល និង​ការពារ។

គុណភាពពិតរបស់គាត់ត្រូវបានបង្ហាញឱ្យឃើញ ក្នុងអំឡុងពេលសកម្មភាពពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលគាត់ជាកម្លាំងជំរុញនៅពីក្រោយចលនាប្រយុទ្ធស្ទើរតែទាំងអស់នៃក្រុម Alexandre Polking កាលពីជើងទីមួយ។ ប៉ុន្តែជាអកុសល ក្រុមដំរីចម្បាំងត្រូវទទួលបរាជ័យ ១-០ នៅពហុកីឡដ្ឋានជាតិ Bukit Jalil។

អតីត​កីឡាករ Yokohama F Marinos បាន​បន្ត​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ​នៅ​កីឡដ្ឋាន Thammasat ជា​កន្លែង​ដែល​រូប​គេ​បាន​ជាអ្នក​បញ្ជូនបាល់ ខណៈ Teerasil Dangda បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​ថៃ។

អាចលេងជាខ្សែការពារ ក៏ដូចជាខ្សែបម្រើ នេះផ្តល់អត្ថប្រយោជន៍បន្ថែមដែល Theerathon Bunmathan អាចផ្តល់ប្រសិនបើគាត់លេងនៅលីគម៉ាឡេស៊ី។ កីឡាករវ័យ 32 ឆ្នាំរូបនេះធ្លាប់លេងជាមួយក្លឹបធំៗក្នុងប្រទេសថៃដូចជា Muangthong United និង Buriram United ដែលជាក្លឹបបច្ចុប្បន្នរបស់គាត់។

លើសពីនេះ Theerathon ក៏បានលេងក្នុងការប្រកួតលីគជប៉ុនជាមួយ Vissel Kobe ដែលត្រូវបានពង្រឹងដោយអតីតខ្សែបម្រើក្រុម Barcelona Andres Iniesta និង Yokohama F Marinos ដែលគាត់បានបង្ហាញខ្លួនជាកីឡាករថៃដំបូងគេដែលឈ្នះពានរង្វាន់ J1 ។

ក្នុងកម្រិតអន្តរជាតិ Theerathon បានឈ្នះជើងឯកជាច្រើនជាមួយប្រទេសថៃ រួមទាំងមេដាយមាស Sea Games ឆ្នាំ 2013 និងពានរង្វាន់ AFF Cup ពីរដងក្នុងឆ្នាំ 2016 និង 2020 ។

ads
ads