ក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតនៅពូល B ជាមួយក្រុមដែលទើបតែឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣១ វៀតណាម រួមនឹងក្រុម ៣ផ្សេងទៀតមាន មីយ៉ាន់ម៉ា, ឡាវ និង ទីម័រខាងកើត ខណៈលោក ប្រាក់ វុទ្ធី បានបង្ហាញការតាំងចិត្តចង់ស្វែងរក ៦ពិន្ទុពីការប្រកួតក្នុងពូល និងធ្វើឲ្យបានល្អជាមួយក្រុមខ្លាំងៗ សម្រាប់ព្រឹត្តិការបាល់ទាត់នារីប្រចាំតំបន់ AFF Women’s Championship 2022 នៅប្រទេសហ្វីលីពីន ដែលចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ។
និយាយទៅកាន់ Cambodia.2023 គ្រូបង្វឹកលោក ប្រាក់ វុទ្ធី លើកឡើងថា៖ «ដោយសារយើងស្ថិតនៅក្នុងពូល B ដែលមានវៀតណាម, មីយ៉ាន់ម៉ា, ឡាវ, ទីម័រខាងកើត ហើយនិងកម្ពុជាយើង ដូច្នេះក្ដីរំពឹងក៏ដូចជាឆន្ទៈរបស់យើង គឺយើងដាក់គោលដៅដើម្បីយកឈ្នះឡាវ និងទីម័រ ហើយបន្តឲ្យមានលទ្ធផលល្អជាមួយនឹងក្រុមវៀតណាម និងភូមា បន្តទៀត។ ដូច្នេះឃើញថា ស្មារតីយើងបានល្អ មានការប្រឹងប្រែង ឆន្ទៈខ្លាំង»។ លោក ប្រាក់ វុទ្ធី ក៏បានសង្គត់ធ្ងន់ថា ការប្រកួតក្នុងពានរង្វាន់នេះ គឺចាត់ទុកជាការឈានចូលដល់ផែនការដំណាក់កាលទី២ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។ នេះបន្ទាប់ពីបានអនុវត្តផែនការទី១ កាលពីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម រួចមកដោយប្រកួត ២លើក រងបរាជ័យទាំង ២លើក ក្រោមថ្វីជើងក្រុមខ្លាំងទាំងពីរ វៀតណាម និងហ្វីលីពីន។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិនារីកម្ពុជាឈុតធំនឹងចាប់ផ្ដើមបើកយុទ្ធនាការប្រកួតដំបូងក្នុងពូលជាមួយក្រុមនារីឡាវ នៅថ្ងៃទី០៥ ខែកក្កដាស្អែកនេះនៅវេលាម៉ោង ០៤៖០០នាទីល្ងាច នៅកីឡដ្ឋាន Biñan Football Stadium ខណៈដែលនៅម៉ោង០៧៖០០នាទីយប់ក៏មានការប្រកួតរបស់ក្រុមនារីរួមពូលB រវាងមីយ៉ាន់ម៉ា និងទីម័រខាងកើតផងដែរ។