«នេះគ្រាន់តែជាចំណុចឆ្លងកាត់នៅឡើយ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះ។ ដូច្នេះខ្ញុំមិនទាន់ពេញចិត្តទេ។ ខ្ញុំនឹងប្រឹងឱ្យអស់ពីសមត្ថភាពបន្ថែមទៀត ពីព្រោះដំណើរផ្សងព្រេងក្នុងលីគនៅរយៈពេលយូរទៀត» Takumu Nshihara ឆ្លើយតបជាមួយអ្នកសារព័ត៌មានរបស់ B8 Sport សួរអំពីចំណាប់អារម្មណ៍ក្រោយក្លាយជាកីលាករស៊ុតបញ្ចូលទីច្រើនជាងគេបណ្ដោះអាសន្នក្នុង CPL សប្ដាហ៍ទី១២។
គិតត្រឹមសប្ដាហ៍ទី១២ក្នុងពានរង្វាន់ Cambodian Premier league 2022 កីឡាករសញ្ជាតិជប៉ុនរូបនេះរកបាន១៥គ្រាប់ហើយ ដែលចំនួននេះគឺច្រើនជាងគេបណ្ដោះអាសន្នដោយទម្លាក់ខ្សែប្រយុទ្ធ Marcus Haber ដែលមាន១៤គ្រាប់។
ក្នុងវិស័យបាល់ទាត់កម្ពុជា អ្នករាល់គ្នាដឹងថា Takumu Nshihara បានដាច់សសៃជង្គង់ ACL ហើយត្រូវចំណាយពេលយូរដើម្បីព្យាបាល ប៉ុន្តែពេលអ្នកត្រលប់មកវិញ រូបគេបានក្លាយជាកីឡាករម្នាក់ទៀត ល្អជាងពេលណាៗទាំងអស់។
«ខ្ញុំពិតជាខកចិត្តកាលពីឆ្នាំមុន។ ប៉ុន្តែខ្ញុំជឿជាក់លើខ្លួនឯង ហើយពិតជាបានខិតខំប្រឹងប្រែង ដើម្បីឱ្យកាន់តែរឹងមាំ និងត្រលប់មកវិញនៅលើទីលាន។ នោះបានផ្ដល់ឱ្យខ្ញុំនូវទំនុកចិត្តដ៏ធំ ហើយមនុស្សជាច្រើនបានគាំទ្រខ្ញុំ។ អរគុណចំពោះរឿងនោះ ខ្ញុំបានត្រលប់មកវិញខ្លាំងជាងមុននៅឆ្នាំនេះ»។
អតីតកីឡាកររបស់ Laos Toyota, Khon Kaen United, Young Elephants បានបន្តទៀតថា៖«ខ្ញុំបានចែករំលែកស្ទីលលេងរបស់ខ្ញុំជាមួយមិត្តរួមក្រុមរបស់ខ្ញុំនៅពេលយើងហ្វឹកហាត់។ ហើយខ្ញុំដឹងពីចំណុចខ្លាំងរបស់ខ្ញុំ។ ក្នុងអំឡុងពេលប្រកួត ខ្ញុំតែងតែគិតច្រើនអំពីរបៀបរកគ្រាប់បាល់តាមដែលអាចធ្វើបាន។ តែយ់ាងណា! ក៏សូមអរគុណដល់អ្នកគាំទ្រដែលតែងតែមកទស្សនាការប្រកួត ហើយពួកគេជាអ្នកលើកទឹកចិត្តដ៏ប្រពៃសម្រាប់ក្រុម»៕