ads
ads
ចំណុចរបត់មួយចំនួនរបស់ជួន ចាន់ចាវ ក្នុងជម្រើសជាតិកម្ពុជា មុន​ទទួល​បានការគាំទ្រខ្លាំង​នា​ពេល​បច្ចុប្បន្ន
៣១-ធ្នូ-២០២២

ខ្សែការពារកណ្ដាលរបស់​ក្លិប​ភ្នំពេញក្រោន ជួន​ ចាន់​ចាវ​ បាន​ក្លាយជា​កីឡាករស្នូល​របស់​ជម្រើសកម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការទូទៅ Keisuke Honda និង​គ្រូបង្វឹក​លោក Ryu Hirose សម្រាប់​ឆ្នាំ​២០២២​នេះ ពិសេស​ក្នុង​រយៈពេល​២​ត្រីមាស​ចុងក្រោយ​ក្នុង​ឆ្នាំ២០២២នេះ។

កីឡាករវ័យ២៣ឆ្នាំ​រូប​នេះធ្លាប់​ជាប់​ជម្រើសជាតិ​កម្ពុជាក្នុង​ឈុតយុវជន ទាំង U14, U15, U19 រហូត​ដល់​ U23  ជា​ច្រើន​លើក តែ​សម្រាប់​ឈុតធំ​វិញ រូប​គេ​ឆ្លង​ដំណាក់កាល​ពិបាកៗមួយចំនួនៗ ក្នុងឆ្នាំ២០២២ នេះ​មិន​តិច​ដង​នោះទេ។ ខាង​ក្រោមនេះ ជា​ចំណុចរបត់​ដ៏​មិន​នឹក​ស្មាន​របស់​យុវជន​ កើត​ចេញ​ថ្នាល​បណ្ដុះបណ្ដាល​របស់​ភ្នំពេញក្រោន៖

អំឡុងខែតុលា ឆ្នាំ២០២១ ជួន ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុម U23 កម្ពុជា ក្នុងវគ្គជម្រុះ AFC U23 Asian Cup ប៉ុន្តែរូបគេខកខានបង្ហាញខ្លួន ដោយសារតែរងរបួសបាក់ខ្ទង់ច្រមុះ។  ចូលខែកុម្ភៈ ឆ្នាំ២០២២ ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុម U23 កម្ពុជាម្ដងទៀត ក្នុងពានរង្វាន់ AFF U23 Champioship ប៉ុន្តែរូបគេខកខានបង្ហាញខ្លួន ដោយសារតែមេរោគកូវីដ១៩។

ចូល​មក​ដល់ឧសភា ឆ្នាំ២០២២  ជួន ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុម U23 កម្ពុជាសារជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅ​វៀតណាមហើយ រូបគេរួមចំណែកស៊ុតបញ្ចូលទី ជួយឲ្យក្រុមទទួលបានលទ្ធផល ២-២ ទល់នឹងក្រុម U23 ម៉ាឡេស៊ី។

នៅ​ថ្ងៃទី០២ខែ មិថុនា ឆ្នាំ២០២២ កីឡាករ ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាឈុតធំ នៃការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុម​ជម្រើសជាតិទីម័រខាងកើត ហើយបានរួមចំណែកជួយឲ្យក្រុមទទួលបានជ័យជំនះ (២-១) តាមរយៈការតែតបញ្ចូលទីនៅនាទី៨៤ ចុង​វគ្គទី២។

រហូត​ដល់​ថ្ងៃទី២៩​ខែធ្នូ​ឆ្នាំ២០២២ ខ្សែការពារ​កណ្ដាល​រូប​នេះ​ បន្ត​រក​បាន​គ្រាប់​បាល់​ដោយ​ប្រើ​ក្បាល​មួយគ្រាប់​ទៀត​ក្នុងជំនួប​ជាមួយជម្រើសជាតិ​ប្រ៊ុយណេ​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ ក្នុងពាន​រង្វាន់ AFF Championship ២០២២​។ បើ​និយាយ​អំពី​ការ​ប្រកួត​ប្រជែងក្នុង​លីគវិញ ​រូប​គេ​ជា​តួអង្គសំខាន់ឱ្យ​ភ្នំពេញក្រោន​ ការពារ​តំណែងជើងឯកលីគកំពូលកម្ពុជារដូវ​កាល​២០២២​បាន​សម្រេច ជាមួយ​នឹង​ការរក​បាន​គ្រាប់​បាល់​៣គ្រាប់​ ក្នុង​នាមជាខ្សែការពារកណ្ដាល​ ហើយ​លើស​ពី​នេះ រូប​គេ​ក៏​បាន​បង្ហាញវត្តមានក្នុងពាន​រង្វាន់ AFC Cup ជាមួយភ្នំពេញក្រោន​ផង​ដែរ។

ក្នុងការ​ប្រកួត​ពាន​រង្វាន់​AFC Cup វគ្គជម្រុះសន្សំពិន្ទុ​ក្នុងពូល I រូប​គេ​បាន​បង្ហាញខ្លួន​៣​ប្រកួត ហើយ​រក​បាន​១គ្រាប់​ក្នុងការ​ប្រកួតជាមួយ Houngang United ដែល​ការ​ប្រកួត​នោះ ភ្នំពេញក្រោន​ចាញ់៣ទល់៤។ នេះជាស្ថិតិ និង​ចំណុច​របត់​នៃ​អាជីពបាល់ទាត់​របស់​ជួន ចាន់ចាវ ​ក្នុង​ឆ្នាំ២០២២ ហើយ​នៅ​ថ្ងៃទៅ០២ ខែមករា​ឆ្នាំ២០២៣ ​រូប​គេ​ និង​មិត្តរួម​ក្រុម​ត្រូវ​លេង​តំនាង​ឱ្យ​កម្ពុជា​ប៉ះ​ជាមួយថៃ​ក្នុង​ការ​ប្រកួត​ជុំចុង​ក្រោយក្នុងពូល A នៃ​ពាន AFF Championship ដែល​ការ​ប្រកួត​នេះ​ ក្រុមគោព្រៃកម្ពូជា​ត្រូវ​ការ​ឈ្នះដាច់​ខាត ​ដើម្បីមានឱកាស​ឡើងទៅវគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រក្នុង​ប្រវត្តិសាស្រ្តរបស់ខ្លួន៕

ads
ads