ads
ads
សឿយ វិសាល បានចាត់​ទុក ក៏ដូចជា​បោះឆ្នោតឲ្យ​បុគ្គល៣​រូប​នេះ ​ជាកីឡាករ​ល្អបំផុតក្នុងឆ្នាំ២០២២
០៣-មេសា-២០២៣

ខ្សែប្រយុទ្ធបារាំង និង​ក្លិប PSG កីឡាករ Kylian Mbappe, ​លេខ៩​របស់ Real Madrid កីឡាករ Karim Benzema និង​ខ្សែបម្រើ​ល្អបំផុត​របស់ Man City កីឡាករ Kevin de Bruyne គឺជាបេក្ខភាពបីរូប​ដែល​ប្រធានក្រុមជម្រើសជាតិកម្ពុជាសឿយ វិសាល​ចាត់​ទុក​ជា​កីឡាករ​ល្អបំផុត​ក្នុងឆ្នាំ២០២២​ ស្រប​ពេល​ដែល​គាត់​បាន​បោះឆ្នោតឱ្យពួកគេ​ក្នុង FIFA Best Player Award កាលពីខែមុន។

ប្រធានក្រុម​ព្រះខ័នរាជស្វាយរៀងរូប​នេះ​បាន​បញ្ជាក់មូលហេតុមកកាន់ក្រុមការងារ b8-sport.net អំពីការជ្រើសរើស​កីឡាករទាំងបីនាក់​នេះថា៖« Mbappe ជាកីឡាករល្អ ក្នុង​ធ្វើ​ចលនា​រក​គ្រាប់​បាល់​លើទីលាន មាន​ល្បឿន ពិសេស​ការ​ទាត់​តម្រង់​ទី​របស់​គាត់​ច្បាស់។ យើង​អាច​ដឹង​ពេល​គាត់​លេង​ឱ្យជម្រើសជាតិបារាំងហើយ និងក្លិប ។ ពេល​មាន​បាល់ គាត់​ប៉ះឱ្យដៃគូហើយ​គាត់​ធ្វើ​ចលនា ដែល​នេះជាចំណុច​សំខាន់»។

« Benzema ជាខ្សែប្រយុទ្ធទោល។ ខ្ញុំរើស​យក​គាត់ ដោយ​សារ​គាត់​ច្បាស់​ប៊ុត ចេះកំណត់​ទីតាំង​ទាត់​ទី ហើយគាត់​ជាកីឡាករ​ដែល​ចេះស្រូប​ខ្សែការពារ​គូប្រកួតឱ្យ​តាម​គាត់​ដើម្បីបង្កើតចន្លោះ​ឱ្យ​មិត្តរួម​ក្រុមផ្សេងទៀត​មានឱកាស​សម្រេច​ទី។ ពេល​គាត់​ប្រយុទ្ធ ហើយ​បាត់​បាល់​គាត់​ធ្វើការ​ភ្លាមៗ ការ​ដាក់សម្ពាធគុប្រកួតពេល​បាត់​បាល់ គាត់​មាន​ឆន្ទៈ គាត់​មាន​កម្លាំងជួយក្នុងតំបន់​បម្រើភ្លាមៗ»។

«សម្រាប់ Kevin de Bruyne គាត់​ជាខ្សែបម្រើ​ល្អណាស់ ទាង​បញ្ជូនបាល់ និង​ការពារបាល់ ហើយ​កម្រមាន​ខ្សែបម្រើណា​ដូច​គាត់​ណាស់។ គាត់​ក៏​អាច​ទាត់​បាន​ច្បាស់ ចំណែក​ការពារ​វិញ​គាត់​ផ្ដោត​ខ្លាំង ទាងកម្លាំង ទេពកោសល្យ​។​ និយាយទៅ​ខ្ញុំចូល​ចិត្ត​គាត់ ពេល​គាត់​គ្រប់គ្រងបាល់ ហើយ​ពេល​បាត់​បាល់គាត់​ដេញតាមយក​បាល់​មក​វិញ»។

ក្រៅពី​នេះ វិសាល​ក៏​និយាយ​អំពី​ Messi ដែរ៖« សម្រាប់​ Messi  យើងមិនចាំបាច់​និយាយ​ច្រើន​ទេ គាត់ជាកីឡាករ​ល្អបំផុត​ក្នុងពិភពលោកស្រាប់ទៅហើយ។ មូលហេតុ​ដែល​ខ្ញុំមិន​យក​គាត់ មិន​មាន​ន័យថាខ្ញុំមិនចូលចិត្តគាត់​នោះទេ។ Messi ជាកីឡាករ​ល្អក្នុងតំបន់ប្រយុទ្ធ ពេល​ដែល​មាន​បាល់​កម្រមាន​នរណាដណ្ដើមបាល់ពីជើងគាត់​បានណាស់។ ចំណុច​ខ្សោយរបស់គាត់​គឺ​ការពារ។​ គាត់​មិន​អាច​ចុះមកជួយការពារ​បាន​ទេ បើ​គាត់ចុះ​មក​ គាត់​គ្មានកម្លាំងក្នុងការ​ឡើងទៅប្រយុទ្ធនោះទេ»។

តែយ៉ាង​ក្ដី Lionel Messi ឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ខណៈដែលប្រធានក្រុមអាហ្សង់ទីនឈ្នះរង្វាន់ដ៏មានកិត្យានុភាពនាំមុខ Benzema និង Mbappe ៕

ads
ads