យោងតាមប្រភពព័ត៌មានដេលីម៉េលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៨ មករា ឆ្នាំ ២០២៤បានឱ្យដឹងថា លោក Sir Jim Ratcliffe អាចនឹងត្រូវក្រុមត្រកូល Glazers បង្ខំឱ្យលក់ភាគហ៊ុនរបស់គាត់ក្នុងរយៈពេលត្រឹមតែ១៨ ខែបន្ទាប់ពីការកាន់កាប់ភាគហ៊ុន២៥ភាគរយរបស់គាត់ចូលជាធរមាន។
លោក Sir Jim Ratcliffe បានយល់ព្រមទិញភាគហ៊ុនក្លិប Manchester United ២៥ ភាគរយក្នុងតម្លៃប្រហែល ១,៦ពាន់លានដុល្លារ ប៉ុន្តែម្ចាស់ក្លិប Glazers អាចបង្ខំគាត់ឱ្យលក់ភាគហ៊ុនវិញនៅក្នុងឆ្នាំ២០២៤នេះ ។ លោកRatcliffe បានយល់ព្រមវិនិយោគជាមួយបិសាចក្រហម២៥ភាគរយក្នុងឱកាសថ្ងៃណូអែល តែត្រូវរង់ចាំការផ្តល់សច្ចាប័នទទួលស្គាល់ដោយ Premier League ដែលអាចនឹងកើតឡើងនៅពាក់កណ្តាលខែកុម្ភៈ។
បុរសវ័យ ៧១ ឆ្នាំរូបនេះត្រូវបានគេឃើញបង្ហាញខ្លួនជាមួយនឹងអតីតគ្រូបង្វឹកជើងចាស់លោក Sir Alex Ferguson នៅជុំវិញកន្លែងហ្វឹកហាត់របស់ក្លឹបដូចជានៅកីឡដ្ឋាន Old Trafford ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ សម្រាប់ការប្រកួតរបស់បិសាចក្រហមជាមួយនឹងក្រុម Tottenham ។
តើអ្វីជាមូលហេតុនៃជម្លោះ?
យោងតាមឯកសារដេញថ្លៃមួយដែលទទួលបានដោយ Daily Mail បានបញ្ជាក់ពីបញ្ហាច្បាប់ស្មុគស្មាញមួយចំនួនជុំវិញការកាន់កាប់ភាគហ៊ុនផ្នែកខ្លះរបស់មហាសេដ្ឋីអង់គ្លេស។
ឯកសារដាច់ដោយឡែកមួយនៅលើគណៈកម្មការមូលបត្រអាមេរិក (SEC) បង្ហាញថា ទោះបីជាក្រុមហ៊ុន Glazers មិនអាចជំរុញការលក់ក្នុងរយៈពេលមួយឆ្នាំនៃការកាន់កាប់របស់លោក Ratcliffe គិតចាប់ពីថ្ងៃទទួលបានសច្ចាប័ន ពួកគេនឹងអាចលក់ក្លឹបភ្លាមៗបានដែរ។
Ratcliffe អាចមានសិទ្ធិបដិសេធជាលើកដំបូង ហើយការលក់មិនអាចធ្វើឡើងដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន Trawler LTD របស់គាត់ឡើយ ប៉ុន្តែ Glazers ត្រូវបានអនុញ្ញាតឱ្យលក់ក្លឹបទៅឱ្យភាគីចាប់អារម្មណ៍ផ្សេងទៀតបានដែរ។
អ្វីដែលជាគ្រោះថ្នាក់សម្រាប់បុរសវ័យ៧១ឆ្នាំគឺការដេញថ្លៃខ្ពស់ជាងអាចនឹងកើតមាន ដែលធ្វើអោយគាត់បង្ខំចិត្តលក់ភាគហ៊ុនរបស់គាត់ និងមិនអាចទិញភាគហ៊ុនដែលនៅសល់ ហើយក្លាយជាម្ចាស់តែមួយគត់។
ដូច្នេះហើយ សម្រាប់ Ratcliffe ដើម្បីរក្សាភាគហ៊ុនរបស់គាត់ ប្រសិនបើ Glazers ចង់លក់ចេញក្នុងរយៈពេលប្រហែល ១៨ខែ គាត់នឹងត្រូវផ្គូផ្គងការដេញថ្លៃខ្ពស់បំផុត ឬបាត់បង់ភាគហ៊ុនរបស់គាត់។
លើសពីនេះ ក្រុម Glazers មិនត្រូវបានអនុញ្ញាតឱ្យទទួលយកសំណើពីក្រុមហ៊ុនផ្សេងទៀតសម្រាប់រយៈពេល១២ ខែដំបូង បន្ទាប់ពីកិច្ចព្រមព្រៀងរបស់ Ratcliffe ត្រូវបានផ្តល់សច្ចាប័នបន្ទាប់ពីថ្ងៃទី១៣ខែកុម្ភៈ។ បន្ទាប់ពីរយៈពេល១៨ ខែបានកន្លងផុតទៅ ទោះជាយ៉ាងណាក៏ដោយ ពួកគេអាចសម្រេចចិត្តលក់ក្លឹបទាំងមូលទៅឱ្យភាគីដែលចាប់អារម្មណ៍ផ្សេងទៀត និង បង្ខំ Ratcliffe ឱ្យលក់ភាគហ៊ុនរបស់គាត់ក្នុងតម្លៃដែលគាត់បានទិញវា។