ads
ads
ស៊ិន កក្កដាបង្ហាញពីស្ថានភាពរបួស និងការ​រៀបចំខ្លួនរបស់​វិសាខាត្រៀម AFC Cup
២៣-មិថុនា-២០២២

ពេល​នេះវិសាខាកំពុងតែ​ស្ថិត​នៅ​ក្នុងប្រទេសឥណ្ឌូនេស៊ី ត្រៀមការ​ប្រកួត AFC Cup 2022 ពូល​G ខណៈខ្សែបម្រើប្រយុទ្ធ ស៊ិន កក្កដាបាន​បង្ហាញ​អំពីការ​ត្រៀមខ្លួនរបស់​ក្លិប និង​ស្ថានភាពរបួសរបស់​ខ្លួន​សម្រាប់​ជំនួបនេះ​ផង​ដែរ។

និយាយក្នុងសារឆ្លើយឆ្លង​ជាមួយ B8 Sport កីឡាករ​រូបនេះថា៖«ពេល​នេះរបួសរបស់ខ្ញុំជាសះស្បើយ១០០%ហើយ ហើយ​កម្លាំង និង​ស្មារតីប្រមូលបានពេញ​មក​វិញ»។

«មុន​ពេល​មក​ដល់ម៉ាឡេស៊ីនេះ ខ្ញុំបាន​លេង​ពេញ៩០នាទីក្នុងការ​ប្រកួតមិត្តភាពជាមួយបឹងកេត ហើយឱកាស​ក្នុងការ​លេងក្នុងការ​ប្រកួតដំបូង(ជាមួយ Kaya FC)ខ្ញុំរំពឹង​ថា​នឹង​អាច​បាន​ចូល​លេងក្នុងជម្រើស១១នាក់ ហើយ​យ៉ាងហោច​ណាស់​ក៏​បាន​ប្ដូរ​ចូលដែរ​បង។ ពេល​នេះខ្ញុំមានទំនុកចិត្តគ្រប់​គ្រាន់ក្នុងការ​លេង ហើយសង្ឃឹម​ថា​នឹង​ធ្វើបាន​ល្អ»។

លើស​ពី​នេះ១ អតីតកីឡាករជម្រើស​ជាតិកម្ពុជារូប​នេះក៏បាន​បង្ហាញអំពីស្មារតីក្រុម ការហ្វឹកហាត់ ការ​ហូប​ចុក​របស់​ក្រុមទាំងមូលនៅឥណ្ឌូនេស៊ីផង​ដែរ។

«យើងត្រៀមខ្លួនបាន​ល្អមែន​ទែន ពិសេសការ​យក​ចិត្តទុកដាក់របស់​ថ្នាក់ដឹកនាំ ដែលគាត់​បាន​ផ្គត់ផ្គង់អាហារខ្មែរយើង ដែល​កីឡាករយើងមិនអាច​ញ៉ាំអាហារ​នៅទីនេះ»។

ទាក់ទងជាមួយការ​រំពឹងទុកលើ​ព្រឹត្តិការណ៍នេះ កក្កដាថា ក្រុមមាន​ភាពវិជ្ជមានខ្លាំងដោយ​សារ​ក្លិបបាន​ត្រៀមខ្លួនយូរមក​ហើយ មាន​ទាំងការ​ហ្វឹកហាត់ ទាងការ​ប្រកួតសមជើង ហើយ​ពិសេស​កីឡាករ​ដែលបាន​ជាប់​ភារកិច្ចជម្រើសជាតិបាន​ត្រលប់មកវិញ។ ការ​ប្រកួតដំបូងនេះយើងរំពឹង​អំពីជ័យជម្នះ ហើយក្រុមទាំងមូលបាន​ត្រៀម​សម្រាប់ការប្រកួតនេះហើយ។

ប្រកួតបើក​ឆាក​ពួក​គេ​ត្រូវ​ជួបក្រុមមក​ពី​ហ្វីលីពីន Kaya FC នៅថ្ងៃទីសុក្រទី២៤ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៤​និង​០០នាទី​នៅកីឡដ្ឋាន Kapten I Wayan Dipta លើកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕

ads
ads