ads
ads
PSSI ពិភាក្សាជាមួយគណៈកម្មាធិការប្រតិបត្តិ Exco ដើម្បីកំណត់ការសម្រេចចិត្តចាកចេញពី AFF
០១-សីហា-២០២២

បំណងប្រាថ្នារបស់សមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ក្នុងការចាកចេញពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ហាក់ដូចជាមិនទាន់រលត់នៅឡើយទេ ខណៈពេលនេះស្ថាប័នមេមួយនេះនឹងជួបជាមួយគណៈកម្មាធិការប្រតិបត្តិ (Exco) ដើម្បីធ្វើការសម្រេចចុងក្រោយ។

ព័ត៏មានចុងក្រោយដែលផ្សាយនេះត្រូវបានបញ្ជាក់ដោយអគ្គលេខាធិការ PSSI លោក Yunus Nusi នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីម្សិលមិញ។ ពួកគេនឹងពិភាក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការចាកចេញពី AFF ហើយនឹងប្រកាសលទ្ធផលផ្លូវការ។

«យើង​នឹង​ពិភាក្សា​ជាមួយ​សមាជិក PSSI Exco ដើម្បី​ពិភាក្សា​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​ដែល​យើង​ចាក​ចេញ​ពី AFF ឬ​ក៏​អត់ បន្ទាប់​មក​យើង​នឹង​សម្រេច»។


សម្ដីរបស់​លោក​ត្រូវបានគេដក​ស្រង់​​ក្នុង​គេហទំព័រ​ផ្លូវការ​របស់ PSSI ថា៖ «ទុក​ពេល​ឲ្យ​យើង​ជា​មុន​សិន បន្ទាប់​ពី​អ្វីៗ​ត្រូវ​បាន​បញ្ចប់ យើង​នឹង​ជម្រាប​ជូន​សាធារណជន»។

បញ្ហា PSSI ចាកចេញពី AFF បានកើតឡើងបន្ទាប់ពីពួកគេសង្ស័យថាក្រុមវៀតណាម និងថៃ ព្យាយាមឃុបឃិតគ្នា ដើម្បីកម្ចាត់ឥណ្ឌូនេស៊ីក្នុង AFF U-19 Cup កាលពីខែមុន។ បន្ទាប់មក PSSI បានផ្ញើការតវ៉ាជាផ្លូវការ ប៉ុន្តែ AFF បានបញ្ជាក់ថា មិនមានធាតុផ្សំនៃការក្លែងបន្លំនៅក្នុងការប្រកួតនោះទេ។

កន្លងមក អ្នកនិយមលេងអ៊ីនធឺណិតឥណ្ឌូនេស៊ីក៏បានទទូចឱ្យក្រុមជម្រើសជាតិរបស់ពួកគេចាកចេញពី AFF ខណៈដែលបង្ខំឱ្យ PSSI ពិចារណាលើសំណើសុំចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីបូព៌ា (EAFF)។ EAFF ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ការ​ប្រកួត​ប្រជែង​ជាង ​ព្រោះ​វា​ក៏​រួម​បញ្ចូល​ឈ្មោះ​ជម្រើសជាតិធំៗ​ចំនួន​ពីរ​ក្នុង​កីឡា​បាល់ទាត់​អាស៊ី​គឺ​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​បន្ថែម​លើ​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ហុងកុង ម៉ុងហ្គោលី កូរ៉េ​ខាង​ជើង តៃវ៉ាន់ កោះ Guam ម៉ាកាវ និង​ប្រជុំ​កោះ Northern Mariana។

ដើម្បីជំនួសប្រទេសឥណ្ឌូនេស៊ី សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយ AFF ខណៈដែលចាកចេញពីសហព័ន្ធបាល់ទាត់អាស៊ីខាងត្បូង (SAFF)។ យោង​តាម AIFF បំណង​របស់​ពួកគេ​ក្នុង​ការ​ចូល​រួម AFF ត្រូវ​បាន​គេ​ទាក់ទង​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ប៉ុន្តែស្ថានភាពជំងឺរាតត្បាតដែលបានវាយប្រហារពិភពលោកនៅពេលនោះបានរារាំងពួកគេមិនឱ្យចាកចេញពី SAFF ៕

ads
ads