ក្លឹបបាល់ទាត់ព័រទុយហ្គាល់ដែលទើបប្រកួតយូហ្វាឆេមពានលីកវគ្គ១៦ក្រុមជើងទី១ ឈ្នះArsenal ១-០ក្នុងទឹកដីកាលពីរាត្រីថ្ងៃព្រហស្បតិ៍ បានបង្កើតពានរង្វាន់មួយដែលមានឈ្មោះថា “Arsenal Cup” បន្ទាប់ពីបានផ្តួលក្រុមកាំភ្លើងធំក្នុងឆ្នាំ១៩៤៨។
អស់រយៈពេលជាយូរមកហើយ ក្រុមកំាភ្លើងធំArsenal បានលេងសម្រាប់តែពានរង្វាន់ Emirates Cup របស់ខ្លួនក្នុងអំឡុងពេលមុនបើករដូវកាល ប៉ុន្តែនៅឆ្នាំ ១៩៤៨ Arsenal មានកិត្តិយសបានមកប្រកួតទេសចរណ៍ មុនបើករដូវកាលនៅប្រទេសព័រទុយហ្គាល់ ដែលពេលនោះហើយគាត់មានពានរង្វាន់កិត្តិយសមួយដែលបានសាងសង់ឡើងដោយក្រុមយក្សព័រទុយហ្គាល់។
ដោយបានឈ្នះជើងឯកក្នុងលីកកំពូលអង់គ្លេស ដែលសម័យនោះគេហៅថា (First Division) ឆ្នាំ១៩៤៨ ក្រុមកាំភ្លើងធំបានធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្គាល់ក្រោមការដឹកនាំរបស់លោក Tom Whittaker ។ ពួកគេបានប្រកួតយកឈ្នះ Benfica ៤-០ មុនពេលធ្វើដំណើរទៅភាគខាងជើងជួបជាមួយ Porto ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹប Arsenal បានអោយដឹងថា នៅពេលប្រកួតមាន អ្នកគាំទ្រចំនួន ២០០០០នាក់បានប្រមូលផ្តុំគ្នាដើម្បីទស្សនាការប្រកួតទេសចរណ៍មុនបើករដូវកាល។ ក្រុមកាំភ្លើងធំត្រូវបានPorto នាំមុខ៣-០ ក្នុងតង់ទី ១ស៊ុតបាល់បញ្ចូលទីដោយកីឡាករ Antonio Araujo និង Correia Dias ពីគ្រាប់។ ក្រុមរបស់ Whittaker បានវាយបកវិញក្នុងតង់ទីពីរ ប៉ុន្តែមិនអាចការពារការបរាជ័យបានក្នុងលទ្ធផល ៣-២ចប់ម៉ោងប្រកួត។
អ្នកគាំទ្របានអបអរពេញពហុកីឡដ្ឋាននៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដែលជាជ័យជម្នះយ៉ាងសំខាន់សម្រាប់ក្រុមព័រទុយហ្គាល់។ ក្នុងកាយវិការនៃការរំលឹក និងមោទនភាពជាតិ គ្រូបង្វឹកលោក Oporto បានសម្រេចចិត្តសាងសង់ពានរង្វាន់ ដែលគេស្គាល់ថា The Arsenal Cup ដោយរំភើបជាមួយនឹងជ័យជម្នះរបស់ពួកគេ Porto ធ្វើពានរង្វាន់មួយដែលមានតម្លៃប្រហែលជាង៣៧ម៉ឺនដុល្លារ។
ពួកគេបានស្នើសុំឱ្យក្រុមហ៊ុនគ្រឿងអលង្ការធំៗ របស់ប្រទេសព័រទុយហ្គាល់ទាំងអស់ចូលរួមជាមួយអ្នកគាំទ្រ ដែលបរិច្ចាគដើម្បីជួយឱ្យគម្រោងនេះសម្រេចបាន។ ពាននេះមានកម្ពស់ ២,៨ម៉ែត្រ ទម្ងន់២៥០ គីឡូក្រាមដែលមានប្រាក់សុទ្ធ១៣០គីឡូក្រាម។ វាក៏ត្រូវបានផ្សំឡើងពីមាស ស អេណាមែល គ្រីស្តាល់ ឈើល្អ ថ្មម៉ាប និងវល្លិ៍ ហើយត្រូវបានយកទៅដាក់ក្នុងសារមន្ទីរក្លឹប Porto រហូតមកដល់សព្វថ្ងៃនេះ។
នៅលើគេហទំព័រផ្លូវការរបស់ពួកគេ ក្រុមយក្សព័រទុយហ្គាល់បាននិយាយថា ការទទួលជ័យជម្នះ ៣-២ លើក្រុម Arsenal នាសម័យនោះត្រូវបានគេទទួលស្គាល់ថាជាក្រុមល្អបំផុតនៅក្នុងពិភពលោក។
គួររំឭកថាក្លឹបArsenal ជួបPorto ៨ដងក្នុងការប្រកួតយូហ្វាឆេមពានលីក មិនដែលឈ្នះនៅក្រៅទឹកដីទេគឺស្មើម្តងចាញ់៣តែបើក្នុងផ្ទះAsrenal មិនដែលចាញ់Porto ហើយអ្វីដែលពិសេសនោះមិនដែលអោយPorto ស៊ុតបញ្ចូលទីបាន១គ្រាប់សោះ៕