ក្រុមបាល់ទាត់ជម្រើសជាតិថៃចាប់ផ្តើមយុទ្ធនាការក្នុងវិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃសៅរ៍នេះ ស្របពេលពួកគេប៉ះម៉ាឡេស៊ីក្នុងប្រទេសវៀតណាម។
ការប្រកួតក្នុងពូល B នឹងចាប់ផ្តើមនៅម៉ោង ៧ យប់នៅកីឡដ្ឋាន Thien Trurong ក្នុងទីក្រុង Nam Dinh។ ខណៈពេលដែលគ្រូបង្វឹកថៃលោក Mano Polking កាលពីថ្ងៃសុក្របានច្រានចោលការលើកឡើងដែលថាកូនក្រុមរបស់គាត់គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាននោះ លោកបាននិយាយថាក្រុមរបស់គាត់មានសមត្ថភាពក្នុងការសម្រេចបាននូវស្នាដៃនេះពិតមែន។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា ម្ចាស់ផ្ទះ និងក្រុមការពារតំណែងជើងឯកវៀតណាម និងឥណ្ឌូនេស៊ី មានឱកាសឈ្នះពានខ្ពស់ជាងថៃ។ លោក Polking បាននិយាយថា ភាគីទាំងសងខាងមានពេលហ្វឹកហាត់ច្រើនជាងកីឡាករថៃដែលទើបតែចាប់ផ្តើមហ្វឹកហាត់សម្រាប់ស៊ីហ្គេមលើកទី៣១ក្នុងសប្តាហ៍នេះដោយសារភារកិច្ចលីគក្នុងស្រុករបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ Polking បាននិយាយថាគាត់ជឿថាកូនក្រុមរបស់គាត់អាចទទួលបានលទ្ធផលល្អ។គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា៖ «យើងនៅទីនេះជាមួយនឹងគោលដៅច្បាស់លាស់គឺ [ឈ្នះមេដាយមាស]” ។
“យើងមិនគិតថាយើងជាក្រុមដែលមានភាគរយខ្ពស់ជាងគេបំផុតនោះទេ ប៉ុន្តែយើងមានក្រុមដែលមានគុណភាព និងកីឡាករល្អ ហើយខ្ញុំគិតថាយើងអាចទទួលបានលទ្ធផលល្អនៅស៊ីហ្គេមនេះ»។
«នៅពេលនេះ យើងត្រូវផ្តោតលើការប្រកួតទាំងបួនរបស់យើងក្នុងវគ្គចែកពូល»។
ក្រុមផ្សេងទៀតក្នុងពូល B មានសិង្ហបុរី កម្ពុជា និងឡាវ។ ក្នុងពូល A មាន វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ លោក Polking ជាគ្រូបង្វឹកក្រុមឈុតធំរបស់ថៃ ប៉ុន្តែត្រូវបានតែងតាំងឲ្យទទួលបន្ទុកក្រុមស៊ីហ្គេមជាលក្ខខណៈពិសេស បន្ទាប់ពីគ្រូបង្វឹក U23 លោក Worrawoot Srikama បានដឹកនាំក្រុមរបស់លោកទទួលបានលទ្ធផលមិនល្អមុនការប្រកួតនៅវៀតណាម។
លោក Polking ដែលបានដឹកនាំក្រុមឈុតថៃឱ្យឈ្នះពានរង្វាន់ AFF Suzuki Cup កាលពីខែមករា បាននិយាយថា៖«វាជាកិត្តិយស និងឱកាសដ៏ល្អក្នុងការបង្វឹកកីឡាករក្នុងឈុតស៊ីហ្គេម»។
«យើងមិនមានពេលច្រើនដើម្បីរៀបចំទេ ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើឱ្យអស់ពីសមត្ថភាពរបស់យើង ហើយឈានទៅដល់គោលដៅរបស់យើង»៕