ក្រុមបាល់ទាត់ Petaling Jaya City (PJ City) នឹងមិនចូលរួមប្រកួតក្នុងលីគម៉ាឡេស៊ីនៅរដូវកាលក្រោយ នេះគឺជាការប្រកាសរបស់ប្រធានក្លឹបលោក Datuk Seri Subahan Kamal ។។
ទោះជាយ៉ាងណាក៏ដោយ លោកបានពន្យល់ថា ការដកខ្លួនរបស់ក្រុមនេះ មិនមានជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាហិរញ្ញវត្ថុនោះទេ ដោយសារតែ PJ City មិនមានបំណុល ឬជំពាក់ប្រាក់ខែកីឡាករ។ ហេតុផលពិតប្រាកដគឺថា ពួកគេមិនអាចសម្របខ្លួនទៅនឹងរចនាសម្ព័ន្ធនៃលីគម៉ាឡេស៊ីសម្រាប់រដូវកាលក្រោយ ដូចដែលបានប្រកាសដោយលីកបាល់ទាត់ម៉ាឡេស៊ី (MFL) ពីប៉ុន្មានខែមុន។
ដោយប្រើតែកីឡាករក្នុងស្រុកទាំងស្រុង ពួកគេមានអារម្មណ៍ថាមិនអាចប្រកួតប្រជែងជាមួយក្រុមដែលមានកីឡាករនាំចូលដល់ទៅ 9 នាក់ក្នុងមួយក្រុមនោះទេ។
លោក Datuk Seri Subahan Kamalបាននិយាយថា៖ «ក្រឡេកមើលការផ្លាស់ប្តូរ ដែលនឹងធ្វើឡើងនៅក្នុងការប្រកួតលីកនៅរដូវកាលក្រោយ វានឹងពិបាកសម្រាប់ពួកយើងក្នុងការចូលរួម។ ស្រមៃមើលរដូវកាលនេះមានក្លិបជាច្រើនបានប្រើប្រាស់កីឡាករនាំចូល 5 នាក់ដែលយើងលំបាកប្រជែងរួចទៅហើយនេះគឺជារដូវកាលក្រោយដែលចំនួននឹងកើនឡើងជាងនេះ»។
«ក៏មានរឿងផ្សេងទៀតដែលយើងគិតថាមិនសមរម្យ និងហួសពីសមត្ថភាពរបស់ក្លឹប (PJ City)។ កុំយល់ខុស យើងគោរពការសម្រេចចិត្តដែលធ្វើឡើងដោយ MFL ព្រោះខ្ញុំគិតថាពួកគេដឹងពីអ្វីដែលល្អបំផុតសម្រាប់បាល់ទាត់ម៉ាឡេស៊ី»។
លោក Subahan Kamal បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានថា៖ «វាគ្រាន់តែថាយើងមិនអាចសម្របខ្លួនទៅនឹងស្ថានភាពនេះ» ។
អស់រយៈពេលពីររដូវកាល PJ City បានចូលរួមលីគដោយមិនប្រើប្រាស់កីឡាករបរទេស ដើម្បីផ្តល់ឱកាសឱ្យអ្នកមានទេពកោសល្យក្នុងស្រុកបង្ហាញសមត្ថភាពរបស់ពួកគេ នៅក្នុងការប្រកួតលីគម៉ាឡេស៊ី។ ជាលទ្ធផល កីឡាករទាំង 4 រូបគឺ Kalamullah Al Hafiz, Ruventhiran, Darren Lok និង Kogileswaran ទទួលបានការហៅចូលក្រុមជម្រើសជាតិ។
ចាប់តាំងពីសប្តាហ៍មុនមក កីឡាកររបស់ក្លឹប PJ City ត្រូវបានគេណែនាំឱ្យស្វែងរកក្រុមផ្សេងទៀតសម្រាប់រដូវកាលក្រោយ ដោយសារតែទិសដៅរបស់ក្លឹបមិនទាន់ត្រូវបានសម្រេច។ យ៉ាងណាក៏ដោយ Subahan បានពន្យល់ថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការប្រគល់ក្លឹបទៅម្ចាស់ថ្មីដែលមានចំណាប់អារម្មណ៍លើលក្ខខណ្ឌរក្សាឈ្មោះ PJ City។
«យើងបើកចំហចំពោះភាគីណាមួយដែលចង់កាន់កាប់ក្លឹបនេះ។ ប្រសិនបើនរណាម្នាក់ចាប់អារម្មណ៍ពួកគេអាចទាក់ទងនាយកប្រតិបត្តិ (S Ganesh) ដើម្បីពិភាក្សា»។
លោកបានបន្ថែមថា ៖«បន្ទាប់ពីនោះ យើងនឹងយកវាទៅ MFL ដើម្បីចាត់វិធានការបន្ថែមទៀត។ មានលក្ខខណ្ឌមួយចំនួនដែលយើងដាក់លើអ្នកដែលចង់កាន់កាប់ក្លឹបនេះ» ។
ការអវត្តមានរបស់ PJ City បានធ្វើឲ្យពួកគេដើរតាមគន្លងរបស់ Felda United, Sime Darby, MK Land, Public Bank និង UPB-MyTeam ដែលបានដកខ្លួនចេញពីលីគម៉ាឡេស៊ីកាលពីប៉ុន្មានឆ្នាំមុន។