ប្រទេសប៉េរូត្រូវបានដកចេញពីការធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 17 ឆ្នាំផ្នែកបុរស ដោយសារតែ FIFA និយាយថាប្រទេសនេះមិនទាន់ត្រៀមខ្លួនសម្រាប់ការប្រកួតនៅចុងឆ្នាំនេះរួចរាល់។
FIFA មិនបានបញ្ចេញឈ្មោះម្ចាស់ផ្ទះជំនួសសម្រាប់ការប្រកួតដែលមាន២៤ក្រុមដែលគ្រោងនឹងលេងចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ខែធ្នូទេ។ ការសម្រេចចិត្តនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពី FIFA បានយកការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 20 ឆ្នាំពីប្រទេសឥណ្ឌូនេស៊ី ដោយសារតែប្រទេសនោះមិនចង់ធ្វើជាម្ចាស់ផ្ទះទទួលវត្តមានអ៊ីស្រាអែលក្នុងការប្រកួតរបស់ខ្លួនក្នុងខែឧសភា។
FIFA បានលើកឡើងពីអសមត្ថភាពរបស់ប្រទេសប៉េរូ ថា៖«ក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំពេញនូវហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការសម្រាប់រៀបចំការប្រកួត ។ ឥឡូវនេះមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធានានូវការវិនិយោគដែលត្រូវការ និងបំពេញការងារចាំបាច់ជាមួយរដ្ឋាភិបាលប៉េរូមុនកាលបរិច្ឆេទចាប់ផ្តើមការប្រកួត»។
FIFA បានជ្រើសរើសទាំងប្រទេសប៉េរូ និងឥណ្ឌូនេស៊ីក្នុងឆ្នាំ 2019 ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតឆ្នាំ 2021 រៀងៗខ្លួន។ ទាំងពីរត្រូវបានពន្យារពេលដោយសារការរាតត្បាតនៃមេរោគកូវីដ១៩។ អាហ្សង់ទីនចង់រៀបចំការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ។ FIFA ត្រូវបានគេរំពឹងថានឹងបញ្ជាក់ប្រទេសជាម្ចាស់ផ្ទះក្នុងសប្តាហ៍នេះ។