កីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malaang ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវកម្ទេចចោល បន្ទាប់ពីឧប្បត្តិហេតុដែលបានឆក់យកជីវិតអ្នកគាំទ្របាល់ទាត់ប្រមាណ ១៣៣នាក់។
សោកនាដកម្មដ៏គួរឱ្យសោកស្ដាយគឺជាព្រឹត្តិការណ៍ដ៏ខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ឥណ្ឌូនេស៊ី ហើយវាត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ដ៏ធំបំផុតមួយដែលទាក់ទងនឹងអ្នកគាំទ្របាល់ទាត់។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាសថាកីឡដ្ឋាន Kanjuruhan នឹងត្រូវកម្ទេច និងសាងសង់ឡើងវិញជាមួយនឹងកីឡដ្ឋានថ្មីនៅលើទីតាំងដដែល។ Jokowi បានបញ្ជាក់ពីបញ្ហានេះបន្ទាប់ពីជួបជាមួយប្រធាន FIFA លោក Gianni Infantino គឺបន្ទាប់ពីកីឡដ្ឋានត្រូវបានគេបញ្ជាក់ថាមិនបានតាមស្តង់ដារ FIFA។
Jokowi បាននិយាយថា៖«សម្រាប់កីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang យើងនឹងកម្ទេច និងសាងសង់ឡើងវិញតាមស្តង់ដាររបស់ FIFA»។
លោក Jokowi បានបន្ថែមថា៖«កីឡដ្ឋានថ្មីដែលនឹងត្រូវសាងសង់នឹងត្រូវបំពាក់ដោយបរិក្ខារសមស្របដែលអាចធានាសុវត្ថិភាពកីឡាករ និងអ្នកគាំទ្រ»។
ក្នុងជំនួបដដែល លោក Infantino បានសន្យាថា FIFA នឹងជួយក្នុងបដិវត្តន៍ និងផ្លាស់ប្តូរបាល់ទាត់ឥណ្ឌូនេស៊ី។ FIFA ក៏បានសម្តែងការអាណិតអាសូររបស់ខ្លួនចំពោះសោកនាដកម្មដែលបានកើតឡើងនៅប្រទេសឥណ្ឌូនេស៊ីនៅក្នុងសោកនាដកម្ម Kanjuruhan ។
ក្នុងចំណោមហេតុផលដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីសម្រេចកម្ទេច Kanjuruhan គឺដោយសារកត្តាសុវត្ថិភាព និងស្ថានភាពទ្រុឌទ្រោមនៃកីឡដ្ឋាន។ កីឡដ្ឋានដែលមានសព្វថ្ងៃនេះមិនបានបំពេញតាមលក្ខណៈបច្ចេកទេសសុវត្ថិភាពល្អទេ។ នៅត្រង់ច្រកចូលនីមួយៗ អាចផ្ទុកមនុស្សបានតែ 2 នាក់ប៉ុណ្ណោះក្នុងពេលតែមួយ។
ដូច្នេះពេលមានអាសន្នពិបាកណាស់ដែលអ្នកគាំទ្រចេញមក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកជំនាញក៏បានបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានក៏មានសភាពរង្គោះរង្គើដែរ។ គួបផ្សំនឹងភាពទន់ខ្សោយនៃការគ្រប់គ្រង បានធ្វើឲ្យកីឡដ្ឋានដែលសាងសង់ក្នុងទសវត្សរ៍ទី 90 លែងប្រើកើតទៀតហើយ។