ក្នុងការទទួលបានការកោះហៅចូលក្រុមជម្រើសជាតិលើកដំបូងក្នុងអាជីព អ្នកចាំទីវ័យក្មេង នុន ណាត របស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានបង្ហាញក្ដីរំភើបជាខ្លាំងក្នុងការទទួលបានការកោះហៅពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់បញ្ជីបឋម ២៦នាក់នៃក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម។
ជុំវិញការទទួលបានឱកាសលើកដំបូងនេះ អ្នកចាំទីវ័យ២១ឆ្នាំ បាននិយាយប្រាប់ទំព័រ B8SPORT ថា៖«ខ្ងុំរំភើបជាខ្លាំង ក្នុងការកោះហៅចូលក្រុមជម្រើសជាតិ ព្រោះវាជាក្ដីស្រម៉ៃរបស់ខ្ញុំ។ ហើយខ្ញុំប្ដេជ្ញាចិត្ត ក្នុងការប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីប្រជែងឱកាសក្នុងបញ្ជីឈ្មោះកីឡាករចុងក្រោយទៅស៊ីហ្គេម និងដើម្បីក្លិប ក៏ដូចអ្នកគាំទ្រសៀមរាបផងដែរ។ ខ្ញុំពិតជារំភើប និងមិននឹកស្មានដល់ដែលមានឱកាសលេងជាអ្នកចាំទីដៃទី១ នៅ៧ប្រកួតដំបូងក្នុងលីគសម្រាប់ក្រុម និងទទួលបានឱកាសចូលការប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុ២៣ឆ្នាំ ហើយខ្ញុំនឹងប្ដេជ្ញាចិត្តឲ្យអស់ពីសមត្ថភាពក្នុងការហ្វឹកហាត់ ដែលពីមុនខ្ញុំខំប្រឹងមក នឹងព្យាយាមឲ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀត ដើម្បីឱកាសទាំងក្នុងក្លិប និងជម្រើសជាតិចង់បាន»៕
អ្នកចាំទីមានកម្ពស់ ១.៨០សង់ទីម៉ែត្ររូបនេះ ទទួលបានឱកាសបង្ហាញខ្លួន១១នាក់ដំបូង គ្រប់ប្រកួតសម្រាប់អង្គរថាយហ្គឺរជាមួយសមត្ថភាពគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់លោក Alistair Heath ៧សប្ដាហ៍ដំបូងនៃក្របខណ្ឌ Cambodian Premier League រដូវកាលនេះ៕
រូបភាព៖ ATK