យោងតាមគេហទំព័រ 45 Sport បានចេញផ្សាយឲ្យដឹងថា ពានរង្វាន់លីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ និងលីគទី២កម្ពុជា គ្រោងនឹងធ្វើការផ្លាស់ប្ដូរការចាប់ផ្ដើម និងការបញ្ចប់រដូវកាលរបស់ខ្លួនឲ្យដូចនៅតំបន់អឺរ៉ុប ដោយលេងឆ្លងឆ្នាំចាប់ពីឆ្នាំក្រោយតទៅ តាមរយៈការអនុវត្តរដូវកាល២០២៣-២០២៤ ។
អំឡុងខែមករា ដល់ខែមិថុនា ពុំមានការប្រកួតលីគឡើយ គេឃើញខែមករា មានចន្លោះពេលសម្រាប់ការប្រកួត ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ដែលបន្តពីខែធ្នូ ឆ្នាំ២០២២ (ពាននេះលេងពីថ្ងៃទី២០ ធ្នូ ២០២២ បញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣)។
បន្ទាប់មកនៅខែកុម្ភៈ មានការប្រកួតខេមបូឌានលីគខាប់ ឆ្នាំ២០២៣ (Cambodian League Cup) នៅសប្ដាហ៍ទី៣ នៃខែកុម្ភៈ ដោយមានដល់ទៅ ៦ប្រកួតសម្រាប់វគ្គចែកពូល (អាចបានសេចក្ដីថាលេង ២ជើង) ហើយនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
យ៉ាងណាមិញនៅអំឡុងខែមីនា ថ្ងៃទី០១ ដល់ថ្ងៃទី១៨ គឺមានការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup 2023) ករណីក្រុម U-20 កម្ពុជាឆ្លងផុតវគ្គជម្រុះ ដែលកំពុងត្រៀមធ្វើការប្រកួតជម្រុះនៅខែក្រោយនេះ។ ហើយបន្ទាប់មកនៅថ្ងៃទី២០ ដល់ថ្ងៃទី២៨ ក៏មានការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាឈុតធំ ប្រកួតមិត្តភាពអន្តរជាតិ (FIFA Day) ផងដែរ។
ចូលដល់ខែឧសភា គឺជាខែពិសេសជាងគេ នោះគឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផ្ទាល់ តែកីឡាបាល់ទាត់ចាប់ផ្ដើមមុនគេតាំងពីថ្ងៃទី៣០ ខែមេសា នឹងបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា។ ខណៈខែឧសភា នេះក៏មានការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (AFC U-17 Asian Cup 2023) ករណីក្រុម U-17 កម្ពុជាឆ្លងផុតវគ្គជម្រុះ ដែលត្រូវប្រកួតត្រៀមធ្វើការជម្រុះនៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ លើសពីនេះទៅទៀត នៅខែឧសភា ក៏មានព្រឹត្តិការណ៍ពិសេសបន្ថែមទៀត ពោលគឺការប្រកួតបាល់ទាត់ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (FIFA U-20 World Cup) ដែលធ្វើនៅឥណ្ឌូនេស៊ី ប្រសិនបើ U-20 ឆ្លងផុតវគ្គជម្រុះហើយ បានឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ រួចបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ ទៀតនោះនឹងបានលេងក្នុងព្រឹត្តិការណ៍នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា។
ក្រោយពីព្រឹត្តិការណ៍ទាំងអស់នេះហើយ ទើបនៅខែមិថុនា ឆ្នាំ២០២៣ ទីផ្សាដោះដូរកីឡាករនឹងបើក ដើម្បីក្លិបទាំងអស់នាំចូលកីឡាកររៀងៗខ្លួន យោងតាមក្រដាសខាងក្រោមនេះហើយចំនុចដែលបញ្ជាក់ថាជាថ្ងៃចាប់ផ្ដើមគឺនៅត្រង់ចន្លោះដៃអាវពណ៌ខ្មៅ ត្រង់ចំនុចដែលមានពណ៌ក្រហម និងពណ៌បៃតង នៅជាប់គ្នា គឺបញ្ជាក់ថា ជាថ្ងៃប្រកួតរបស់លីគទី១ (ក្រហម) លីគទី២ (បៃតង)។ ហើយជាបន្តបន្ទាប់មកទៀតទើបបន្តការប្រកួតរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ លីគទី២កម្ពុជា នឹងបញ្ចប់ ហើយនៅខែមេសា ឆ្នាំ២០២៤ ទើបបញ្ចប់ការប្រកួតខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤ ទាំងស្រុង។
បញ្ជាក់ថា ប្រតិទិនប្រកួតនេះ មិនមានការបញ្ចូលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាមួយឡើយ ដោយសារស្ថិតក្រោមរៀបចំរបស់ស្ថាប័នផ្សេង និងម៉្យាងទៀតពុំប៉ះពាល់ឡើយដោយសារពានសម្តេចតេជោ ប្រកួតរៀងរាល់ថ្ងៃអង្គារ ឬថ្ងៃពុធ។
គេកត់សម្គាល់ដោយសារកត្តា២ នៃការដែលនាំមានការផ្លាស់ប្ដូរ៖
ទី១ ឆ្នាំ២០២៣ កម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នៅខែឧសភា ហើយជាការត្រៀមខ្លួនឲ្យបានកាន់តែល្អ មានដំណឹងថា ក្រុម U-23 កម្ពុជា នឹងត្រូវប្រមូលផ្ដុំហ្វឹកហាត់រយៈពេលយូរ ទាំងក្នុង និងក្រៅប្រទេស ដើម្បីត្រៀមសម្រាប់ការប្រកួតដែលជាកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងដំណើរឆ្ពោះទៅដណ្ដើមមេដាយមាស។
ទី២ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ចង់ធ្វើឲ្យមានលក្ខណៈស្ដង់ដារួម លើទីផ្សារដោះដូរកីឡាករ គឺស្របគ្នាទៅនឹងប្រទេសមួយចំនួន និងជាមួយគ្នាផងដែរពានរង្វាន់ AFC Cup ដែលកម្ពុជា មានសិទ្ធចូលរួមផងដែរនោះ នៅរដូវកាលក្រោយគេនឹងចាប់ផ្ដើមរដូវកាល ២០២៣-២០២៤ ផងដែរ។
នៅអាស៊ីអាគ្នេយ៍ មានប្រទេស ៣ហើយដែលអនុវត្តការរដូវកាលលីគរបស់ខ្លួនបែបនេះ ពោលគឺនៅលីគថៃ, លីគឥណ្ឌូនេស៊ី និងលីគហ្វីលីពីន ខណៈលីគម៉ាឡេស៊ី និងវៀតណាម ក៏មានដំណឹងថាគ្រោងនឹងប្ដូររដូវកាលបែបនេះនៅឆ្នាំក្រោយដូចគ្នាផងដែរ។
អត្ថបទរបស់៖ គេហទំព័រ 45 sport
រូបភាព៖ CPL