ក្រុមបាល់ទាត់ឈុតនារីភ្នំពេញក្រោនទើបតែគ្រងពានរង្វាន់លីគនារី២០២១ ក្រោយលេងបាន១១ប្រកួតមិនដែលចាញ់សោះ ដែលក្នុង១១ប្រកូតនេះស៊ុតបញ្ចូលទីគូប្រកួត៨៨គ្រាប់របូតតែ៣គ្រាប់ប៉ុណ្ណោះ ខណៈនៅសល់បីប្រកួតទៀតទើបចប់លីគ។
នៅពីក្រោយលទ្ធផលដ៏ល្អមិនស្មានរបស់ក្លិបនារីភ្នំពេញក្រោននេះ គឺបានមកពីការដឹកនាំរបស់អតីតកីឡាការិនីបាល់ទាត់តាមអង្គការមួយនៅតាមខេត្តដែលមានជីវិតតស៊ូក្នុងពិភពបាល់ទាត់សឹងតែមិនគួរឱ្យជឿ រហូតក្លាយជាគ្រូបង្វឹកបាល់ទាត់ដែលមានអាជ្ញាប័ណ្ឌគ្រូបង្វឹកកម្រិត A ម្នាក់ក្នុងចំណោម២នាក់នៅស្រុកខ្មែរ នោះគឺអ្នកគ្រូ ម៉ៅ សាវីន។
ឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិកជាមួយអ្នកយកព័ត៌មានរបស់ B8 Sport គ្រូបង្វឹកមានប្រភពពីខេត្តបន្ទាយមានជ័យបានរៀបរាប់អំពីជីវិតតស៊ូរបស់នាងរហូតក្លាយជាគ្រូបង្វឹកបាល់ទាត់នាពេលនច្ចុប្បន្ន។
«ប្រវត្តិនៃការចូលរួមបាល់ទាត់របស់ខ្ញុំគឺចាប់ផ្ដើមពីឆ្នាំ២០១០ ប៉ុន្តែអំឡុងពេលហ្នឹងខ្ញុំចូលហាត់ក្នុងអង្គការមួយក្នុងខេត្តបាត់ដំបង ឈ្មោះអង្គការសល (SALT Academy ) ដែលគេបង្កើតកម្មវិធី Mighty Girls ហើយពេលនោះគេបានប្រមូលផ្ដុំក្មេងស្រីលេងបាល់ ហើយខ្ញុំក៏បានចូលរួមជាមួយពួកគាត់មកដល់ឆ្នាំ២០១៥។ ពេលនោះខ្ញុំជាកីឡាការិនីជម្រើសជាតិបាត់ដំបង។ ពេលដែលខ្ញុំចប់វិទ្យាល័យទៅ ក៏ខ្ញុំបន្តរៀនវគ្គបាល់ទាត់បន្ថែម រហូតដល់ចុងឆ្នាំ២០១៨ ខ្ញុំបានបញ្ចប់អាជ្ញាប័ណ្ឌកម្រិត A »។
អ្នកគ្រូបានរៀបរាប់អំពីឧបសគ្គនានាដែលបានឆ្លងកាត់អំឡុងពេលប្រឡូកក្នុងវិស័យបាល់ទាត់ដំបូងថា៖« ឧបសគ្គមានច្រើនមែនទែន! ពិសេសក្រុមគ្រួសារ មិត្តភ័ត្រ បងប្អូនអីហ្នឹងអត់យល់ស្របឱ្យយើងហ្នឹងលេងបាល់ទាត់ទេ ដោយសារពួកគាត់គិតថា បាល់ទាត់សម្រាប់តែមនុស្សប្រុស មិនមែនសម្រាប់នារីទេ។ ពេលហ្នឹងខ្ញុំមានសម្ពាធខ្លាំង ហើយខ្ញុំក៏បានវេចសម្ពាយខោអាវ ចាកចេញពីស្រុកកំណើតខាងបន្ទាយមានជ័យ ទៅរស់នៅជាមួយក្មេងស្រីៗ ក្នុងអង្គការសល នៅខេត្តបាត់ដំបង”។
«សម្ពាធជារឿយៗ! ពេលយើងទៅលេងផ្ទះឯស្រុកកំណើត ខ្ញំនៅតែលឺពាក្យថា បាល់ទាត់សម្រាប់តែបុរសទេ មិនមែនសម្រាប់នារីទេ…។ ពាក្សម្ដីទាំងនេះរឹតតែបានជំរុញឱ្យខ្ញុំបន្តជម្នះ ហើយបង្ហាញថាវាមិនមែនជាការពិតទេ ដែលបាល់ទាត់សម្រាប់តែបុរស គឺបាល់ទាត់សម្រាប់ទាំងអស់គ្នា ហើយខ្ញុំក៏បានប្ដេជ្ញាចិត្តថាបង្កើតសមិទ្ធផលយ៉ាងម៉េច ឱ្យពួកគាត់បានឃើញថានេះជាអ្វីដែលដែលពួកគាត់បានគិតអវិជ្ជមានទៅលើប្រភេទកីឡាបាល់ទាត់”។
«សព្វថ្ងៃនេះផងដែរ! ឪពុកម្ដាយរបស់ខ្ញុំ គាត់បានកែប្រែគំនិតមកគាំទ្រខ្ញុំ លើកទឹកចិត្តខ្ញុំ ឱ្យខ្ញុំខំប្រឹងប្រែង នូវជំនាញរបស់ខ្លួនឯងដែលមាន។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា នេះគឺជាសមិទ្ធិផលដែលយើងទទួលបាន។ បើយើងស្រឡាញ់ យើងចូលចិត្ត យើងយត្រូវការខំប្រឹងឱ្យច្បាស់លាស់ កុំបោះបង់ ព្រោះវាជាផលល្អឬសមិទ្ធិផលដែលមនុស្សដ៏ទៃគេមិនគាំទ្រ ងាកមកទទួលយកវិញ»។
«មួយវិញទៀតផងដែរ! ខ្ញុំលើកទឹកចិត្តដល់ក្មេងស្រីៗនៅក្នុងប្រទេសកម្ពុជារបស់យើង បើសិនគាត់ស្រឡាញ់បាល់ទាត់ គាត់ស្រឡាញ់ជំនាញនៃការលេងបាល់ ខ្ញុំលើកទឹកចិត្តឱ្យគាត់ខំប្រឹងប្រែង ហើយកុំបោះបង់ក្ដីស្រម៉ៃរបស់ខ្លួនឯង”៕
រូបភាព៖ ភ្នំពេញក្រោន កឹម សុវណ្ណា ម៉ៅ សាវីន