លោកស្រី Nuanphan Lamsam អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ បានជំរុញឱ្យកីឡាករទាំងអស់របស់ខ្លួន រក្សាអារម្មណ៍របស់ពួកគេឱ្យស្ថិតក្រោមការគ្រប់គ្រងបានល្អលើទីលានប្រកួត មុនពេលជួបក្រុមម្ចាស់ផ្ទះវៀតណាមក្នុងវគ្គផ្តាច់ព្រ័ត្រ SEA Games ឆ្នាំ២០២១នេះ។
Madam Pang បានបង្ហើបថា៖ «យើងត្រូវយល់ពីបរិយាកាសនៅលើទីលានដែលគ្រប់គ្នាត្រូវតែមានសម្ពាធ ហើយព្យាយាមតស៊ូឲ្យអស់ពីសមត្ថភាព។ ពួកយើងនឹងមិនបន្ទោសគ្នាទៅវិញទៅមកទេ តែយើងបានដាស់តឿនគាត់ថា ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួនអោយបានល្អ ដោយអ្នកគាំទ្រនឹងធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលព្រោះយើងបានដឹងថាក្នុងស្ថានភាពដែលកីឡាករមានបញ្ហា វានឹងប៉ះពាល់ដល់ការប្រកួតយ៉ាងដូចម្តេច? ដូច្នេះ យើងបានស្នើឱ្យកីឡាករទាំងអស់ត្រូវតែមានស្មារតីនិងផ្ដោតលើការប្រកួតរយៈពេល ៩០នាទីពេញ។ អ្វីៗផ្សេងទៀតគឺ ការងាររបស់អ្នកគ្រប់គ្រង»។
Madam Pang បានបន្តថា៖«ឥឡូវនេះយើងបានមកដល់ទីក្រុងហាណូយ ហើយគ្រូបង្វឹក Mano នឹងអនុញ្ញាតឱ្យកីឡាករសម្រាកពេញមួយថ្ងៃពីការប្រកួត ក្រោយពីត្រូវលេង ១២០នាទីកាលពីម្សិលមិញ។ សង្ឃឹមថាគ្រប់គ្នាអាចប្រមូលកម្លាំងមកវិញបានល្អ ដើម្បីត្រៀមជួបម្ចាស់ផ្ទះនៅវគ្គផ្ដាច់ព្រ័ត្រ»។
សម្រាប់កម្មវិធីប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសនៃស៊ីហ្គេមឆ្នាំ២០២១ រវាងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំថៃ ជាមួយនឹងម្ចាស់ផ្ទះវៀតណាម នឹងធ្វើឡើងនៅកីឡដ្ឋានជាតិវៀតណាម Mi Dinh Stadium ក្នុងទីក្រុងហាណូយ នាថ្ងៃទី២២ ខែឧសភា វេលាម៉ោង ១៩:០០យប់៕
ប្រភព ៖ ballthai