ads
ads
ប្រធានក្លិប Loading FT ថា «លទ្ធផលរបស់ក្រុមក្នុងឆ្នាំនេះ នឹងផ្លាស់ប្តូរ ១៨០ដឺក្រេ ដោយសារតែ… !»
១១-មិនា-២០២២

ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger រដូវកាលឆ្នាំ២០២១ ដែលការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ សប្តាហ៍នេះហើយ ។ បើនិយាយពីក្លិប Loading FT ដែលជាក្រុមមួយ កំពុងតែមានបញ្ហាប្រឈម មុនការប្រកួតចូលមកដល់ ដោយសារតែកីឡាករចំនួន ៧នាក់ជាប់បម្រាម កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតទល់នឹងក្លិបមហាហង្សនៃពានរង្វាន់បាល់ទាត់ក្នុងសាល Tiger រដូវកាលឆ្នាំ២០២០។

ជុំវិញបញ្ហាកីឡាករជាប់បម្រាបរបស់សហព័ន្ធបាល់ទាត់កម្ពុជា (FFC) នេះ ប្រធានក្លិប Loading FT លោក គុជ រ៉ាផាត់ បានសម្តែងក្តីបារម្ភជាខ្លាំង ហើយការរំពឹងទុកក្នុងឆ្នាំនេះ អាចនឹងប្រែប្រួល ១៨០ដឺក្រេ បើធៀបទៅនឹងឆ្នាំមុន ដែលពួកគេធ្វើបានចំណាត់ថ្នាក់លេខ៣ ។

No photo description available.

លោក គុជ រ៉ាផាត់ បានរៀបរាប់ប្រាប់ B8-sport.com ថា៖ «ឆ្នាំនេះ យើងអាចប្រឈមមុខនឹងធ្លាក់ក្នុងពូលតែម្តង ដោយសារកីឡាករឆ្នើមៗរបស់យើង ចំនួន៧នាក់ ដែលជាកម្លាំងស្នូលរបស់ក្រុម ត្រូវបានជាប់បម្រាម ក្រោយមានជម្លោះក្នុងការប្រកួតទល់នឹងក្លិបមហាហង្ស កាលពីឆ្នាំមុន។ ខ្ញុំគិតថាពួកយើងនឹងពិបាក ហើយលទ្ធផលវិញនឹងប្រែប្រួល ១៨០ដឺក្រេ បើធៀបទៅនឹងឆ្នាំមុន ដែលយើងធ្វើបានល្អមែនទែន ហើយវាក៏ជាកំណត់ត្រាថ្មីរបស់ក្រុម ដែលអាចទទួលបានចំណាត់ថា្នក់លេខ៣ ជាលើកដំបូងក្នុងព្រឹត្តិការណ៍មួយនេះ»

កីឡាករជាប់បម្រាម ៧នាក់ដូចជា៖ អាន សុបញ្ញា (៦ប្រកួត), វឿន តុលា (៦ប្រកួត), សាយ អ៊ឹងមីង (៦ប្រកួត), យ៉ែម វិសាល (៦ប្រកួត), ឡឹម តារា (៦ប្រកួត), អេន អះលី (៣ខែ) និងមុំ អំរិត (៣ខែ)។

ប្រធានក្លិបវ័យ៣៣ឆ្នាំរូបនេះ ក៏បានបង្ហាញការតាំងចិត្ត និងរកបានកីឡាករថ្មីៗ មកបំពេញតួនាទីជំនួសកន្លែង ដែលកីឡាករ ៧នាក់ បានអវត្តមានផងដែរ។

«សម្រាប់ការតាំងចិត្តទាំងរូបខ្ញុំ និងកូនក្រុមទាំងអស់ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះបីជាដឹងថាយើងនឹងជួបផលវិបាកអំឡុងពេលប្រកួត។ ដោយឡែកកីឡាករថ្មីមួយចំនួន យើងបានចរចារជាមួយពួកគេ ដោយក្នុងនោះពួកគេមកពីក្លិប Down Town, Young Gun និង Dig88 »។

ក្លិប Loading FT ស្ថិតនៅពូល A ត្រូវជួបតទល់ជាមួយក្រុម Khmer Nokor FC, ក្រុម EOP FT និង ក្រុម C-Light FT ។ សម្រាប់ការប្រកួតដំបូងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១២ ខែមីនា ត្រូវជួបជាមួយក្រុម Khmer Nokor FC វេលាម៉ោង ៨ព្រឹក នៅមជ្ឈមណ្ឌលកីឡា ដឹប្លូស្ពតអារីណា។

រូបភាព៖ Cambodia Futsal

ads
ads