លឹម ពីសុទ្ធគឺជាកីឡាករសញ្ជាតិខ្មែរដែលរកបានគ្រាប់បាល់ច្រើនជាងគេ ក្នុងលីគកំពូលកម្ពុជារដូវកាល២០២២ ជាមួយការស៊ុតបញ្ចូលទី១១គ្រាប់ ហើយមួយរយៈចុងក្រោយនេះ ពិសេសពេលចូលក្នុងការប្រកួតវគ្គ៤ក្រុមផ្ដាច់ព្រ័ត្រក្នុងលីគ កីឡាករជម្រើសជាតិកម្ពុជារូបនេះ តែងតែរកគ្រាប់បាល់ដោយប្រើក្បាលញឹកញាប់។
«ខ្ញុំធ្វើតាមតាកទិករបស់គ្រូ ហើយបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ គឺគ្រូឱ្យហាត់ថែមខ្លួនឯងដោយមានអ្នកលើកបាល់ឱ្យយើងបញ្ចប់ទី»នេះគឺជាសម្ដីរបស់ខ្សែប្រយុទ្ធក្លិបភ្នំពេញក្រោន លឹម ពិសុទ្ធឆ្លើយឆ្លងជាមួយអ្នកយកព័ត៏មាន B8 Sport អំពីមូលហេតុដែលកីឡាករវ័យក្មេងរូបនេះរកបានគ្រាប់បាល់ច្រើដោយការប្រើក្បាល ក្នុងរយៈកាលចុងក្រោយនេះ។
លើសពីនេះ ពិសុទ្ធថាវាជារឿងគួរឱ្យភ្ញាក់ផ្អើលដែរ ដែលក្រុមរបស់ខ្លួនលើកពានពិសេសពេលដឹងថាបានឈរក្នុងតំណែងកំពូលតារាងទាំងបួន ហើយអ្វីដែលអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក Honda បានព្យាករណ៍ ពិសុទ្ធថាជាកាតាលីករជួយឱ្យខ្លួនប្រឹងប្រែងបន្ថែមជាមួយក្រុម។
«ពេលដែលយើងឡើង Top4 គឺយើងនៅជឿជាក់យើងនៅមានសង្ឃឹម ទោះ១%ក៌ដោយ សម្រាប់គ្រូ Honda ក៍គាត់ជឿដូចគ្នា ហើយជាក់ស្តែងយើងធ្វើបានមែន»។
សម្រាប់ឱកាសជាប់ជម្រើសជាតិ និងការជួបម្ចាស់ការពារតំណែងជើងឯកថៃក្នុងពូល A កីឡាករកើតចេញពីយុវជនរបស់ក្រោនរូបនេះ សង្កត់ធ្ងន់ថា៖« សម្រាប់ខ្ញុំមានអារម្មណ៌រំភើបដែលមានឈ្មោះនៅជម្រើសជាតិ ហើយក៏សប្បាយចិត្តដែរយើងជួបថៃ។ក្នុងពូលគ្មានក្រុមណាដែរខ្សោយនោះទេ ដូច្នេះហើយយើងត្រូវត្រៀមខ្លួនជានិច្ចដើម្បីយកឈ្នះជូនប្រទេសយើង»៕