ខ្សែប្រយុទ្ធក្លិប ភ្នំពេញក្រោន និង ក្រុមជម្រើសជាតិកម្ពុជា កីឡាករ លឹម ពិសុទ្ធ បានបង្ហាញពីតាំងចិត្តក្នុងការជួយក្រុមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង ទាក់ទងបញ្ហារបួសរបស់ខ្លួន។
កាលពីព្រឹកមិញនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ជាផ្លូវការថា ពិសុទ្ធ មានបញ្ហារបួសសសៃពួរកជើងខាងឆ្វេង បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុមណាហ្គាវើលដ៍ នាពេលកន្លងទៅថ្មីៗនេះ ខណៈ រូបគេ នឹងត្រូវសម្រាកព្យាបាលរយៈពេលពី ៥ ទៅ ៦ សប្តាហ៍។ បញ្ហារបួសនេះហើយបានធ្វើឲ្យរូបគេខកខានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ជម្រុះពានរង្វាន់ AFC Asian Cup ដែលនឹងធ្វើឡើងនៅខែក្រោយនេះ។
ថ្លែងប្រាប់ Cambodia 2023 ពិសុទ្ធ បាននិយាយថា៖«ខ្ញុំមានអារម្មណ៍សោកស្តាយនឹងខ្លួនឯង ដែលរងរបួសសារជាថ្មី។ ខ្ញុំចង់បង្ហាញខ្លួននៅកីឡដ្ឋានថ្មីរបស់យើងណាស់។ ប៉ុន្តែរឿងដដែលៗ បានកើតឡើងចំពោះខ្ញុំ»។
«សម្រាប់ស៊ីហ្គេម២០២៣ ខ្ញុំត្រូវតាំងចិត្តថា នឹងត្រូវប្រកួតនៅកីឡដ្ឋានមរតកតេជោឲ្យបាន ពិសេសត្រូវរក្សាខ្លួន មិនឲ្យរងរបួសម្ដងទៀតទេ ព្រោះវាជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជាផងដែរ»៕