ខ្សែការពារ កុក បូរីស របស់ Sarawak United នៃលីគកំពូលម៉ាឡេស៊ី បានតាំងចិត្តផ្តោតលើការជួយក្រុមជាងការរកគ្រាប់បាល់បញ្ចូលទី។
អតីតខ្សែការពាររបស់ភ្នំពេញក្រោនខាងលើ រកគ្រាប់បាល់ជាលើកដំបូងនៅលើទឹកដីម៉ាឡេស៊ីកាលពីសប្តាហ៍មុន ក្នុងជ័យជម្នះលើ Ultimate FC ៧ទល់នឹង០ នៃការប្រកួតពានរង្វាន់ Malaysia FA Cup។
ថ្លែងប្រាប់ The Morning បូរីស បាននិយាយថា៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះក្នុងការប្រកួតដំបូងរបស់ខ្ញុំនៅម៉ាឡេស៊ី ខ្ញុំស្ទើរតែរកបានមួយគ្រាប់ហើយ»។
«ជាមួយនឹងសំណាង ខ្ញុំក៏រកបានគ្រាប់បាល់មែន។ ជាដំបូង អ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំគឺជួយមិត្តរួមក្រុមរបស់ខ្ញុំនៅលើទីលានជាមួយនឹងស្មារតីប្រយុទ្ធរបស់ខ្ញុំ និងការប្រកួតប្រជែងជាមួយគូប្រជែងរបស់យើង។ ពិតណាស់ ប្រសិនបើខ្ញុំអាចស៊ុតបញ្ចូលទីបានច្រើនជាងនេះ នោះពិតជាអស្ចារ្យសម្រាប់ខ្ញុំ និង ក្រុមផងដែរ ប៉ុន្តែការផ្តោតអារម្មណ៍របស់ខ្ញុំគឺការជួយក្រុមរបស់ខ្ញុំនៅលើទីលាន ជាជាងការស៊ុតបញ្ចូលទី»៕