លោក គឹម ភក្ដីគ្រូបង្វឹកក្លិបបឹងកេតបាននិយាយថា ទោះបីជា Alexandre Cardoso អាចជំនួសតំណែង Hikaru Mizuno ក្នុងតំណែងបម្រើការពារប៉ុន្តែយ៉ាងណាក្ដីគាត់មិនអាចបន្តប្រើទម្រង់លេងមានខ្សែបម្រើការពារនេះទេព្រោះគាត់ត្រូវផ្លាស់ប្ដូរក្បួនលេងថ្មីតាមទម្រង់លេងរបស់កីឡាករ។
និយាយក្នុងសន្និសីទកាសែតមុនការប្រកួតរសៀលនេះលោកបានឆ្លើយតប ក្រោយអ្នកសារព័ត៌មានសួរថា តើ Alexandre Cardoso អាចជំនួសតំណែង Hikaru Mizuno ក្នុងតំបន់បម្រើការពារបានកម្រិតណា?
«ជាធម្មតា! យើងមានការផ្លាស់ប្ដូរហើយ! ពិសេសកីឡាករបរទេស កាលណាមានការផ្លាស់ប្ដូរ របៀបលេងក៏យើងត្រូវផ្លាស់ប្ដូរដែរ។ តួនាទីរបស់ Alex (Alexandre Cardoso)និង Mizuno គាត់អាចជំនួសគ្នាបាន គ្រាន់តែផ្លាស់ប្ដូររបៀបលេងទៅតាមទម្រង់របស់កីឡាករនីមួយៗ។ ដូច្នេះពេលយើងផ្លាស់ប្ដូរកីឡាករ យើងផ្លាស់ប្ដូរគម្រោងនៃការប្រកួតរបស់យើងមួយចំនួនដែរ។ ដូច្នេះវាមិនមានបញ្ហាក្នុងតំបន់កណ្ដាលហ្នឹងទេ ហើយយើងនឹងរៀបចំឱ្យបានល្អក្នុងការប្រកួតប្រជែងឆ្នាំនេះ»។
Hikaru Mizuno បានចំណាយពេលជាមួយក្លិបបឹងកេតតាំងពីរដូវកាល២០១៧ ដល់ឆ្នាំ២០២១ ហើយគាត់ជាតួរសំខាន់ជួយបឹងកេតឈ្នះពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧និង២០២០ដោយរ៉ាប់រង់តំណែងបម្រើការពារបានយ៉ាងល្អ ហើយពេលនេះគាត់ត្រឡប់ទៅលេងនៅព្រះខ័នរាជស្វាយរៀងវិញក្នុងរដូវកាល២០២២៕