លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញពីផែនការចំនួន ២ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ពិសេសលោកបានបង្ហាញគំនិតវិជ្ជមានសម្រាប់កីឡាករ Nick Taylor ផងដែរ។
«យើងមានផែនការជាក់លាក់ ជាការត្រៀមសម្រាប់ស៊ីហ្គេម» នេះជាសម្ដីរបស់លោក Honda និយាយក្នុងកិច្ចសន្ទនា ជជែកពិភាក្សាគ្នាជាពិសេសទាក់ទងនឹងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ដែលជាក្រុមត្រូវត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
«វាពិតជាការប្រកួតដ៏សំខាន់សម្រាប់យើង។ ពិតណាស់ យើងនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អតែដូចដែលអ្វីខ្ញុំបាននិយាយ យើងគួរតែយល់ថា ការប្រកួតប្រជែងនេះវាលំបាកយ៉ាងណា ប៉ុន្ដែពិតណាស់ អ្វីៗអាចកើតឡើង មិនថាទល់នឹងថៃ ឬវៀតណាម។ យើងប្រហែលជាអាចឈ្នះ ទោះបីជាមានភាគរយតិច ដូច្នេះហើយទើបបានជាយើងព្យាយាមបង្កើនភាគរយ ទោះបីជា១ភាគរយ ក៏យើងត្រូវតែប្រឹង»។
សម្រាប់ផែនការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលោក Honda ថា៖ពិតណាស់យើងមានផែនការជាក់លាក់ ជាការត្រៀមសម្រាប់ស៊ីហ្គេម១. គឺយើងនឹងរៀបចំជំរំហ្វឹកហាត់ក្នុង និងក្រៅប្រទេសមុនស៊ីហ្គេមឆ្នាំក្រោយ។ យើងមានពេលដើម្បីអភិវឌ្ឍជាក្រុម ទាំងផ្នែកបច្ចេកទេស តាក់ទិច និងកាយសម្បទា។ ទី២. គឺការប្រើប្រាស់កីឡាករលើសអាយុ ពិតណាស់ប្រទេសដទៃប្រើប្រាស់បែបនេះដែរ។
«អ៊ីចឹងយើងនឹងជ្រើសរើសកីឡាករពិសេសៗដែលលើសអាយុទាំងនេះ ដែលមានលក្ខណៈពិសេស គឺជាអ្វីដែលយើងកំពុងធ្វើ»។
លើសបីនេះលោកបានលើកឡើងពីចំណុចពិសេសរបស់ Nick Taylor ដែរថា៖«ជាកីឡាករល្អបំផុតម្នាក់ហើយ ជាកីឡាករមានមូលដ្ឋានគ្រឹះល្អ ក្រោយហ្វឹកហាត់ក្នុងបរិយាកាសបាល់ទាត់ដ៏ប្រសើរក្នុងប្រទេសអាមេរិក ហើយសម្រាប់គាត់ងាយស្រួលទំនាក់ទំនងជាមួយគ្នា។ សម្រាប់ខ្ញុំគាត់ជាកីឡាករម្នាក់តែយ៉ាងណា គាត់ត្រូវការពេលវេលាដើម្បីសម្របខ្លួន។ ក្នុងការប្រកួតគាត់មានឱកាសស៊ុតបញ្ចូលទីដែរតែមិនបានសម្រេច»។