ads
ads
អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ថៃ Kawin Thamsatchanan ត្រូវតែងតាំងជាប្រធានក្រុមក្នុងឈុតស៊ីហ្គេមនៅ​វៀតណាម
២៧-មេសា-២០២២

អ្នកចាំទី Kawin Thamsatchanan គឺជាកីឡាករថៃម្នាក់ក្នុងចំណោមកីឡាករថៃលើសអាយុទាំងបីនាក់ ដែលនឹងចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ហើយគាត់នឹងពាក់ស្លាកដៃប្រធានក្រុមក្នុងការប្រកួតនេះ។

អ្នក​ចាត់​ការទូទៅ​ជម្រើស​ជាតិថៃអ្នក​ស្រី Madam Pang បញ្ជាក់​ថា អ្នក​ចាំទី Kawin Thamsachanan (អាយុ ៣២ឆ្នាំ) នឹង​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ ហើយ​កីឡាករ​លើស​អាយុ​របស់ U23 ថៃ ២​រូប​ទៀត​នៅ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ។

ខណៈកំពុងផ្សាយផ្ទាល់តាម facebook កាលពីម្សិលមិញ (២៦ មេសា) Madam Pang ត្រូវបានអ្នកគាំទ្រថៃសួរអំពីបញ្ជីឈ្មោះកីឡាករទាំង២០រូបដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ហើយអ្នក​ចាត់​ការ​រូបនេះបានចែករំលែកថា៖

«Kawin Thamsachanan គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបីនាក់ដែលលើសអាយុ ទៅចូលរួមស៊ីហ្គេមលើកទី៣១ ពីរនាក់ទៀតនឹងប្រកាសនៅពេលក្រោយ។ Kawin នឹងពាក់អាវប្រធានក្រុម ព្រោះលើកចុងក្រោយដែលគាត់កាន់តួនាទីនោះ U23 ថៃឈ្នះមេដាយមាស»។

Kawin Thamsatchanan កំពុងលេងឱ្យក្រុមលីគថៃ Port FC ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប OH Leuven (បែលហ្សិក)។ Kawin ជា​អ្នក​ចាំទី​លេខ​មួយ​របស់​ថៃ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ គាត់​និងជម្រើស​ជាតិ​ថៃ​ឈ្នះ​ជើងឯក AFF Cup 3 ដង (2014, 2016 និង 2020)។ លើសពីនេះ អ្នកចាំទី Kawin ក៏បានឈ្នះមេដាយមាស SEA Games លើកទី២៧ ជាមួយ U23 ថៃផងដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ Kawin បាន​បាត់បង់​តំណែង​ផ្លូវការ​ក្នុង​ក្រុម​ថៃ​ដោយសារ​បញ្ហា​របួស និង​ទម្រង់​លេង​ធ្លាក់ចុះ។ ក្នុង​ពាន AFF Cup 2020 គាត់​លេង​បាន​តែ​១​ដង​គត់​នៅ​លើ​ទីលាន​ ក្រោយចូលពី​កៅអី​បម្រុង។ ថ្មីៗនេះ Kawin ក៏រងការរិះគន់ផងដែរចំពោះកំហុសដែលនាំអោយមានគ្រាប់បាល់ចូលទីខ្លួនឯងក្នុងការប្រកួតរវាង Port និង Ratchaburi (ថ្ងៃទី 9 ខែមេសា)។

ក្នុងបញ្ជីឈ្មោះ ៥០នាក់ ដែលត្រូវបានកោះហៅជាបឋមឱ្យទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ របស់ U23 ថៃ មានកីឡាករលើសអាយុផ្សេងទៀត រួមមាន Sarach Yooyen, Worachit Kanitsribampen, Phitiwat Sukjitthammakul និង Weerathep Pomphan ។ ក្នុងនោះ Weerathep (អាយុ 25 ឆ្នាំ) និង Worachit (អាយុ 24 ឆ្នាំ) ត្រូវបានគេរំពឹងថានឹងឈ្នះកៅអីលើសចំនួន 2 ដែលនៅសល់។

ក្រៅ​ពី​នេះ​កីឡាករ​ថៃ​៣​រូប​ដែល​ទៅ​លេង​នៅ​បរទេស​គឺ Jonathan Khemdee, Ben Davis និង Chayapipat Supunpasuch កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ដើម្បី​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១។

នៅ​ស៊ីហ្គេម​លើក​ទី​៣១ ថៃ U23 ស្ថិត​ក្នុង​ពូល​ជាមួយ​ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី និង​ឡាវ។ U23 ថៃ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​ដំណើរ​ទៅ​វៀតណាម​នៅ​ថ្ងៃ​ទី ៤ ខែ​ឧសភា។ ពួកគេនឹងហោះហើរទៅកាន់ទីក្រុងហាណូយ បន្ទាប់មកធ្វើដំណើរទៅកាន់ទីក្រុង Nam Dinh ដើម្បីត្រៀមប្រកួតបើកឆាកជាមួយក្រុម U23 ម៉ាឡេស៊ី (ថ្ងៃទី ៧ ឧសភា)៕

ads
ads